ការស្ងួតបបូរមាត់ និងប្រេះបបូរមាត់នរណាក៏ធ្លាប់ជួបប្រទះដែរ ហើយគិតថាជារឿងធម្មតា ព្រោះតែស្មានថាក្តៅក្នុង ហើយយើងមិនគិតថាវាបង្កគ្រោះថ្នាក់អ្វីដល់សុខភាពយើងនោះទេ ទើបមិនចាប់អារម្មណ៍ និងយកចិត្តទុកដាក់។
ការដែលយើងបក កេះ ខាំ ហែកទាញស្បែកបបូរមាត់ដែលស្ងួតនោះវានឹងធ្វើឲ្យមានការដាច់រលាត់ចេញឈាមមិនខាន។ នៅពេលដែលមានស្នាមរបួស ឬការដាច់រហែកហើយយើងយកដៃទៅប៉ះ ឬទៅកន្លែងណាដែលកខ្វក់នោះវាអាចធ្វើឲ្យមានការបង្ករោគបាន។
នៅពេលបបូរមាត់មានការបង្ករោគបែបនេះ វានាំឲ្យមានហើម រលាកពងមាត់ និងអាចមានខ្ទុះថែមទៀត។ ប្រសិនបើមិនមានការព្យាបាលទាន់ពេលវេលានោះ អាចនាំឲ្យរលួយ និងអាចឈានដល់មហារីក។
ដើម្បីជៀសវាងបញ្ហាទាំងនេះអ្នកជំនាញបានណែនាំឲ្យលាបក្រែមដែលផ្ដល់សំណើមដល់បបូរមាត់ ឬធ្វើការដុះខាត់(scrub)បបូរមាត់ដើម្បីជម្រុះកោសិកាចាស់ចេញ។ ក្រៅពីនេះការផឹកទឹកឲ្យបានគ្រប់គ្រាន់ និងការបរិភោគអាហារដែលមានជីវជាតិដែលជំនួយឲ្យស្បែកភ្លឺរលោង និងមានសំណើមក៏អាចជួយដោះស្រាយបញ្ហានេះបានមួយចំណែកធំដែរ។

