មានរបស់៣យ៉ាងដែលខ្ញុំសោកស្តាយក្នុងជីវិតជាយុវវ័យកន្លងមកជាង២០ឆ្នាំនេះ

L
មានរបស់៣យ៉ាងដែលខ្ញុំសោកស្តាយក្នុងជីវិតជាយុវវ័យកន្លងមកជាង២០ឆ្នាំនេះ។ រឿងនេះត្រូវតែសរសេរចេញមក ក្រែងប៉ះចំរឿងរ៉ាវស្រដៀងគ្នាជាមួយអ្នកដទៃ ហើយអាចទុកជាមេរៀនសម្រាប់យុវវ័យជំនាន់ក្រោយ៖
១- ពេលវេលា ចន្លោះអាយុ20-30ឆ្នាំ គឺជាពេលវេលាដ៏ស្រស់ត្រកាល ដែលវាកន្លងផុតទៅដោយមិនបានសាងអ្វីៗអោយត្រឹមត្រូវសម្រាប់ជីវិតខ្លួនឯង។ ងប់ងុលនឹងការងារស៊ីប្រាក់ខែ ការដើរកម្សាន្ត ការដេកទ្រមក់ ការជួបជុំស៊ីផឹក ដេកដួលរមួលផ្សំគ្រេច យប់ថ្ងៃៗ ពេលវេលាពិតជាលឿនណាស់ វាក៏មកដល់ពេលនេះ។ ងាកមើលក្រោយជិត២០ឆ្នាំ មិនអាចហៅពេលវេលាអោយត្រឡប់វិញបាន ចង់ធ្វើរឿងមានប្រយោជន៍សម្រាប់ជីវិតខ្លួនឯង មានតែចាប់រាប់ពីលេខសូន្យឡើងវិញ គ្មានសល់ដាន គ្មានសល់ទីបង្អែក គ្មានសល់កេរ្តិ៍ឈ្មោះ គ្មានសល់ដើមទុន,.. សល់ត្រឹមប្រវត្តិការងារមុខដំណែងដែលគេបំពាក់បំប៉ោងបោកយើងប្រើ,..ពេលយើងចាកចេញបាត់ គេនៅតែបន្តការរីកចម្រើនរបស់គេ ឯយើងនៅតែបន្តដើររកមែកឈើធ្វើទ្រនំពី១ទៅ១,..រហូត លែងមានមែកឈើណាគួរអោយទំទៀតបានទើបភ្ញាក់ខ្លួន។
២- កម្លាំងថាមពលផ្លូវកាយ, មើលកាលពីពេញវ័យ កម្លាំងថាមពលពេញលេញល្អណាស់ ចាត់ទុកថា រំលាយភ្នំលុបសមុទ្របាន ប៉ុន្តែយើងបានបូជាវាដើម្បីធ្វើការអោយគេ ប្តូរយកប្រាក់ខែ ហើយយកប្រាក់ខែ ប្តូរយកអាហារ យកអាហារប្តូរយកថាមពល ហើយយកថាមពលទៅធ្វើការអោយគេយកប្រាក់ខែ វិលវល់ក្នុងខ្សែចំណងការងារនេះ។ យើងមិនបានសាងចក្រវាល១-អាណាចក្រ១ រឺ បន្ទាយ១ សម្រាប់ខ្លួនឯងបានជាទីជម្រក ទីពុំនាក់ ពេលមានគ្រោះអាសន្នកើតឡើង កុំអោយខ្លួនតែលតោល អណ្តែដូចចក ជាមនុស្សខ្ចាត់ព្រាត់ គ្មានតម្លៃក្នុងភ្នែកអ្នកដទៃ។
៣- លុយកាក់ដើមទុន/ប្រាក់សន្សំ ចាយលុយអស់មុនដាច់ខែ មុនបើកប្រាក់ខែ ព្រោះអាងថាខ្លួនមានការងារមានកម្លាំង មានកន្លែងដែលមាននិរន្ត៍ភាព។ ចាយវាយលើរបស់ខុស អោយតម្លៃលើរបស់មិនត្រឹមត្រូវ។ មានឡាន១ ម៉ូតូធំ១ ខ្សែដៃ១ខ្សែ ទូរស័ព្ទល្អ១ ខោអាវថ្លៃថ្នូរ ស្បែកជើង ខ្សែក្រវ៉ាត់,.. គិតថាចូលចំណុំចំណោមបានហើយ មើលមកខ្លួនឯងគិតថាប៉ុណ្ណឹងណាស់ហើយ មានតម្លៃហើយ,.. មើលទៅគេ មើលទៅកសិករ មើលទៅអ្នករកស៊ីលក់ដូរ គិតថា កន្តេកកន្ត្រាកណាស់ ខោមិនខោអាវមិនអាវ ក្លឹនមិនល្អ កំប៉ិកកំប៉ុក,.. ។ គួរអោយស្តាយ បើមើលមកដល់នេះ លុយទាំងនោះ បើ បានយកមកទិញឧបករណ៍សម្ភារៈសាងសំបុកអោយខ្លួនឯង ដូចជា ឥដ្ឋ ខ្សាច់ ស៊ីម៉ង់ត៍ មេគោ មាន់ទាក្ងាន ដើមឈើ យកមកដាំ ដូចជា ឌូរេន ក្រូច ដូង ស្វាយ,.. បើនិយាយពីដើមឈើ ដាំ២០ឆ្នាំ ផ្លែស៊ីមិនអស់ បេះលក់ដេកអេះពងក៏មានចំណូលដែរ បើចិញ្ចឹមមេគោ ២០ឆ្នាំមកនេះ មេ១ គឺបានកូន២០ហើយ,.. បើ១ឆ្នាំ ធ្វើដី១ហិកតា, ២០ឆ្នាំ គឺអាចកែប្រែដី២០ហិកតា អោយទៅជាទីដ៏មនោរម្យបាន អោយទៅជាដែនដីដ៏ស្តុកស្តម្ភបាន។ ពី២០ឆ្នាំមុន ដី១ហិកតា លើកដៃសុំគេក៏គេអោយដែរ។
**បើគិតទៅរបស់៣យ៉ាងដែលបាត់ទៅក្នុង២០ឆ្នាំមកនេះ ចាត់ទុកថា ជាការបាត់បង់ដ៏គួរអោយស្តាយបំផុតក្នុងជីវិត។តែមកដល់ ពេលនេះខ្ញុំសង្កេតឃើញ នៅតែមានមនុស្សជាច្រើនកំពុងឈរលើផ្លូវដដែលនេះដូចខ្ញុំពីមុនដែរ។ ចង់ហៅពួកគេមកប្រាប់ កុំសូម្បីតែបងប្អូនខ្លួនឯងបង្កើតក៏ប្រាប់គេមិនស្តាប់ផង។ គ្រាន់ចង់ប្រាប់ទៅម្នាលយុវជនទាំងឡាយថា យើងកុំភ្លេចមើលមកខ្លួនឯង សួរខ្លួនឯង អោយបានជារឿយៗ ថាខ្លួនឯងមានទីពឹង ទីពុំនាក់ សាងជីវិតបានត្រឹមត្រូវហើយរឺនៅ? បើនៅតែភ្លើតភ្លើន ភ្លីភ្លើ តទៅទៀតអ្នកនឹងស្តាយក្រោយដូចខ្ញុំដែរ។ កំភ្លេចថា មិត្តភក្តិភឿនបន ស៊ីផឹកអឺអើរជាមួយអ្នកពេលនេះ ដល់ពេលអ្នកត្រូវការជំនួយ-ដើមទុន គឺគ្មានមុខពួកគេទៀតទេ។

Comments