មនុស្សដែលធ្វើឱ្យខ្ញុំកើតចិត្តអាណិតនិងសង្វេគជាពន់ពេកនោះ មិនមែនជាមនុស្សដែលដេកស្លាប់ម្នាក់ឯងគ្មានមនុស្សម្នាណាមកជិត គ្មានសាច់ញាតិ គ្មានទ្រព្យសម្បត្តិ គ្មានប្រពន្ធកូនចាំធ្វើបុណ្យឱ្យនោះឡើយ ពួកគេទាំងនោះនៅមានលក្ខណៈមិនគួរឱ្យអាណិតពេកនោះទេ។ ប៉ុន្តែមនុស្សដែលមានឋានយសសក្ដិអំណាចក្នុងខ្លួន មានទ្រព្យសម្បត្តិមហាសាល មានសាច់ញាតិចាំហែរហម មានអ្នកបម្រើឆ្វេងស្ដាំ មានប្រពន្ធប្ដី កូនចៅចាំយំយែកស្រណោះស្រណោកពេលហៀបនឹងស្លាប់ទៅវិញទេ ទើបពិតជាគួរឱ្យអាណិតយកតែមែនទែន។ អ្នកក្រខ្សត់អាចថាពួកគេស្លាប់ ព្រោះដោយសារពួកគេមិនមានអ្វីជាទីពឹង មិនមានសាច់ញាតិ ខ្វះអ្នកមើលថែបម្រើទឹកក្ដៅទឹកត្រជាក់ ពួកគេមិនអាចបន្តអាយុទៀតបានគឺវាមិនចម្លែកនោះទេ តែថាអ្នកដែលមានអ្វីគ្រប់បែបយ៉ាង នៅពេលដែលខ្លួនកំពុងជួបគ្រោះធំដូច្នេះ ហើយអ្វីទាំងនោះមិនអាចជួយខ្លួនបាន តើនេះមិនមែនជារឿងគួរឱ្យសង្វេគទេឬ?

