សុចរិតជាសភាវៈល្អស្អាតស្អំ

L

ពាក្យថាសុចរិតជាសភាវៈល្អស្អាតស្អំ ព្រោះមានបង្កប់ភាពស្មោះត្រង់ទាំងពាក្យសំដីនិងទង្វើប្រកបដោយគុណធម៌នៅជាមួយគ្រប់វិនាទី ប៉ុន្តែសព្វថ្ងៃដោយពិភពលោកប្រឹងរត់តាមភាពទាន់សម័យនិងការចង់មានបានតាមផ្លូវកាត់ មនុស្សត្រូវប្រើភាពក្លែងក្លាយទាំងពាក្យសម្តីនិងកាយវិការ មេដឹកនាំធំៗលើសកលលោកពេលដោះស្រាយបញ្ហាគឺគេអោបរឹតអង្អែលស្មាគ្នា តែក្នុងចិត្តក្តៅក្រហាយពុះកញ្ជ្រោលសឹងឆេះ ខាំមាត់ក្នុងចិត្តគិតថា ពួកហ្អែងមុខតែងាប់ដាច់ពួជជាមិនខាន ! រួចហើយគេលើកកែវស្រាជល់គ្នាដើម្បីបញ្ជាក់ថា ពេលវង្វេងយើងនឹងស្លាប់ទាំងអស់គ្នា ! ។​ អ្នកខ្លះធ្វើអំពើយង់ឃ្នងហើយសើចនិយាយថា បើអញចេះជឿកម្មផល អញគ្មានថ្ងៃនេះទេ ! លោកនេះគឺសម្រាប់តែមនុស្សឆ្លាតរស់នៅ មនុស្សល្ងង់ត្រូវតែស្លាប់រកដីកប់គ្មាន ឬ ត្រូវតែជាទាសករមនុស្សឆ្លាតដើម្បីរស់ ។ អំពើសុចរិតធម៌ត្រូវធ្លាក់ខ្លួនស្គមរីងរៃ អ្នកដែលស្រឡាញ់វាបានត្រឹមតែស៊ូទ្រាំរស់ទាំងភាពសោកា ព្រោះអាណិតលោកនេះតែប៉ុណ្ណោះឯង ! ។ បើកុំតែមានព្រះពុទ្ធបានត្រាស់ដឹងឡើងក្នុងលោក ព្រះអង្គបើកបង្ហាញផ្លូវនិព្វានដល់សត្វលោក កុំអីមិនដឹងជាត្រូវវេទនាយ៉ាងណាទេ ! មើលសុញ្ញកប្បដែលជាកប្បគ្មានព្រះត្រាស់ដឹងចុះ ផែនដីទៅជាផេះយ៉ាងលឿនបំផុត ។

Comments