អត្ថបទនេះអោយចប់ប្រសិនបើអាច ព្រោះវាបង្កប់នូវបញ្ហាក្នុងចិត្តខ្ញុំដែលពិបាកដោះស្រាយ។ ខ្ញុំសព្វថ្ងៃកំពុងឆ្កួតនឹងជម្ងឺផ្លូវចិត្តក្នុងកម្រិតដែលគ្មានប្រសើរឡើងសោះ។
រយៈពេលជាង៧ឆ្នាំហើយ ដែលខ្ញុំចាប់ផ្ដើមមានអាការៈជម្ងឺOCD ហើយខ្ញុំក៏បានពិគ្រោះជាមួយពេទ្យជម្ងឺផ្លូវចិត្តច្រើនឆ្នាំហើយដែរ តែអាការៈនៅតែត្រឡប់ទៅត្រឡប់មកគ្មានរីកចម្រើនសោះ។ ជម្ងឺOCDរបស់ខ្ញុំគឺស្រដៀងនឹងអាការៈអ្នកជម្ងឺOCDដែលខ្លាចឆ្លងរោគដូចនោះដែរ តែករណីខ្ញុំនេះ អោយតែមើលឃើញ ស្ដាប់លឺ ប៉ះត្រូវ របស់ដែលទាក់ទងនឹងរឿងមិនល្អណាមួយ គឺខ្ញុំនឹងធ្វើឡើងវិញនូវសកម្មភាពទាំងឡាយណាដែលខ្ញុំកំពុងធ្វើ ហើយបើមិនបានឃើញរបស់ដែលទាក់ទងនោះ គឺអាចនិយាយថា ខ្ញុំមានសភាពប្រក្រតី។ ឧទាហរណ៍ កំពុងដើរសុខៗ ស្រាប់តែឃើញរបស់មួយដែលធម្មតា មិនមានអ្វីសោះ តែស្រាប់តែនឹកឃើញថា របស់ប្រភេទតែមួយនេះជាប់ទាក់ទងនឹងរឿងមិនល្អក្នុងការចងចាំកាលពីមុន ទើបខ្ញុំដើរមួយជំហានត្រឡប់មកកន្លែងដើមវិញ (ព្រោះConsiounessវាប្រាប់ថាខ្លួនកំពុងដើរចំរឿងមិនល្អនោះហើយ) រួចព្យាយាមគិតរករឿងផ្សេងទៀតដែលមិនអី និងបន្តធ្វើដដែលៗរហូតអាចរករឿងដែលល្អៗមកបន្លប់បាន។ មិនថាខ្ញុំព្យាយាមបញ្ជាConsiousness ខ្ញុំយ៉ាងណាក៏ដោយ ក៏ការគិតភ្ជាប់ដល់រឿងមិនល្អទាំងនោះ វាមានសភាពលឿនជាងការគ្រប់គ្រងរបស់ខ្ញុំទៀត។ វាហាក់ដូចជាមានអ្វីកំពុងបញ្ជាអោយConsiousnessខ្ញុំ ចាំតែគិតពីរឿងទាំងនោះអីចឹង។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនអាចគ្រប់គ្រងខ្លួនឯង (Dissociation) ទាំងដែលសម្បជញ្ញៈខ្លួនឯងនៅមានវត្តមាន។
មួយទៀត ខ្ញុំជាមនុស្សមានចរិតឃ្លាតចេញពីសង្គមមនុស្ស។ ខ្ញុំគ្មានអ្នកពិភាក្សា។ ខ្ញុំចាប់ផ្ដើមអស់សង្ឃឹម មិនចង់ធ្វើអ្វីទៀតឡើយ លែងមានភាពសប្បាយក្នុងចិត្តបើទោះស្ថិតនៅកណ្ដាលពិធីជប់លៀងយ៉ាងណាក៏ដោយ លែងមានអារម្មណ៍ថាឃ្លាន គេងច្រើនតែមិនដែលឆ្អែតនិងស្កប់ស្កល់។ ដែលមើលទៅហាក់ដូចជាអាការៈនៃជម្ងឺធ្លាក់ទឹកចិត្ត ដែលតោងមកជាមួយជម្ងឺOCD។ តែនៅចំពោះមុខមនុស្សគ្រប់គ្នា ខ្ញុំមិនដែលបង្ហាញចេញនិងព្យាយាមលាក់បាំងអាការៈទាំងនៃជម្ងឺទាំងពីរប្រភេទនេះ មិនអោយគេឃើញឡើយ។
រាល់ថ្ងៃខ្ញុំប្រើប្រាស់ថ្នាំព្យាបាលពីគ្រូពេទ្យខ្លះ និងព្យាយាមហ្វឹកហាត់ចិត្តតាមការស្ដាប់ អានអត្ថបទធម៌ខ្លះ ដែលធ្វើអោយយល់ពីសច្ចនៃសភាវៈទាំងអស់ថាវាមានលក្ខណៈជាត្រៃលក្ខណ៍ធម៌។ គ្រប់យ៉ាងដែលមានវត្តមានសុទ្ធតែជាសង្ខារធម៌ ហើយវាធ្វើអោយខ្ញុំគិតថាពិភពលោកនេះ ចក្រវាឡនេះ មិនថាមនុស្សឬទេវតាឡើយ គឺមិនមែនជាគោលដៅរបស់ខ្ញុំទេ។ ខ្ញុំចង់បានអ្វីដែលស្ថិតស្ថេរ មានសេរីភាពពិតប្រាកដ មិនស្ថិតក្នុងអំណាចណាមួយ តួយ៉ាងអំណាចនៃការប្រែប្រួលឬ អំណាចហេតុផល(កម្ម) ឡើយ។ ហេតុដូចនេះ ទើបខ្ញុំកាន់តែអស់សង្ឃឹមកាន់តែខ្លាំងមិនចង់បន្តធ្វើអ្វីទៀតឡើយ ដោយបានត្រឹមតែប្រាថ្នាអោយលែងមានវត្តមានបន្តទៀត(ប្រសិនបើសង្សារវដ្ដជាការពិត) ហើយមិនព្រមធ្វើសកម្មភាពអ្វីឡើយ។
ខ្ញុំដឹងថាផ្លូវដែលខ្ញុំកំពុងគិតនេះ គឺខុសពីការណែនាំរបស់ព្រះពុទ្ធអង្គ(មជ្ឈិមបដិបទា) តែខ្ញុំពិតជាជាប់គាំងក្នុងសភាពនេះមែន ខ្ញុំមិនដឹងថាត្រូវប្រើដំណោះស្រាយបែបណាទើបធ្វើអោយវិចារណញាណរបស់ខ្ញុំទទួលការពិតសាមញ្ញនេះ ហើយបន្តការរស់នៅតាមដំណើរធម្មតានៃជីវិត។
សាធុៗចម្លើយខ្លីគឺចៅចាប់រក្សាសីល៥ ហាត់ប្រាណ ញ៉ាំថ្នាំតាមលោកពេទ្យឲ្យ ញ៉ាំទឹក និងអាហារគ្រប់គ្រាន់ហើយបន្តសិក្សាធម៌តទៅទៀត ព្យាយាមជួយខ្លួនឯងទៅណាចៅ។
សាធុ លោកតា។ ខ្ញុំពិតជាអរគុណលោកតាខ្លាំងណាស់។ ខ្ញុំចង់ស្វែងរកនូវអត្ថន័យជីវិតបន្តទៀត ដោយសង្ឃឹមថាអាចរកអ្នកណែនាំអោយបដិបត្តិបានត្រឹមត្រូវ។ តើលោកតានៅមានបើកបង្រៀនមេរៀនព្រះធម៌ទៀតឬក៏អត់ ខ្ញុំចង់សុំអោយលោកតាជួយបំភ្លឺផ្លូវខ្លះៗ ដើម្បីអោយខ្ញុំរកឃើញច្រកចេញដ៏ត្រឹមត្រូវមួយផងលោកតា។ អរគុណខ្លាំងណាស់សម្រាប់ធម្មទាន របស់លោកតា។ បើអាចខ្ញុំចង់ទៅដោយផ្ទាល់ ដើម្បីបង្កើតទំនាក់ទំនងនិងកសាងមេត្តាធម៌ អោយកាន់តែច្រើន។

