គុណមាតាបិតាចំពោះកូន !
តើប៉ាបានធ្វើអ្វីខ្លះចំពោះកូន ? ប៉ាបារម្ភពីអនាគតកូនគ្រប់ពេលវេលា ប៉ាខំព្យាយាមដើម្បីកូន ប៉ាពិតជាហត់នឿយប៉ុន្តែពេលបានឃើញមុខកូនប៉ាពិតជាសប្បាយចិត្ត ។ ពេលខ្លះប៉ាត្រូវដាច់សីលដើម្បីកូនៗមានក្តីសុខ ប៉ាសុខចិត្តចុះនរកដើម្បីកូន ឲ្យតែកូនបានទៅដល់គោលដៅជីវិតដែលកូនពេញចិត្ត នេះជាទឹកចិត្តឪពុកសឹងតែគ្រប់រូប ។
តើម៉ាក់បានធ្វើអ្វីខ្លះចំពោះកូន ? ម៉ាក់តែងតែជឿគ្រប់យ៉ាងនូវអ្វីដែលកូនបាននិយាយ សូម្បីតែកូនបោកយកគាត់ទៅសម្លាប់គាត់ក៏ព្រម ម៉ាក់និយាយការពារកូនជានិច្ចនៅពេលលឺគេនិយាយមិនល្អពីកូន នេះអាចជាកំហុសដ៏ធំមួយចំពោះកូន ព្រោះតែក្តីស្រឡាញ់កូនៗ របស់គាត់ ។ ទឹកចិត្តម្តាយចំពោះកូនគឺធំធេងមហិមាណាស់ ចំពោះម្តាយដែលចិញ្ចឹមកូនតែម្នាក់ឯង ព្រោះតែព្រាត់ស្វាមី លោកបានអធិដ្ឋានក្នុងចិត្តថា បើទោះជាត្រូវដាច់ដៃ ដាច់ជើងដោយសារការរកសុីចិញ្ចឹមកូន ដោយសារការមើលថែកូន គាត់មិនខ្លាចទេ បើយក្សហ៊ានឈរពាំងផ្លូវគាត់នឹងសម្លាប់យក្សនោះដើម្បីកូន សូម្បីជួបមេឃរលំភ្នំរលាយក៏ត្រូវតែស្កាត់ទៅរកកូនៗឲ្យបាន បើដឹងថាផ្លូវនោះជាផ្លូវចុះនរក គាត់ចុះដើម្បីកូនមុនគេ ។ គុណូបការៈរបស់លោកឪពុកអ្នកម្តាយ បើទោះជាយកទឹកសមុទ្ទធ្វើជាទឹកខ្មៅ យកផែនដីធ្វើជាក្រដាសក៏សរសេររៀបរាប់មិនអស់ដែរ នេះមិនពោលចំពោះឪពុកម្តាយនិងកូនដែលមកជួបគ្នាដោយពៀរវេរានោះទេ ! ។

