ធ្វើការជាមួយចិត្តគឺជារឿងចាំបាច់បំផុតនៅក្នុងជីវិតមនុស្ស !

L

ធ្វើការជាមួយចិត្តគឺជារឿងចាំបាច់បំផុតនៅក្នុងជីវិតមនុស្ស !
១- ចិត្តស្មោះត្រង់ !
ត្រូវស្មោះត្រង់ចំពោះខ្លួនឯង បើថាត្រូវធ្វើអ្វីគឺធ្វើឲ្យបាន កុំចេះតែដើរនិយាយចោលនាំឲ្យសាបតំលៃខ្លួនឯង។ការបាត់សច្ចៈចំពោះខ្លួនឯង នឹងនាំឲ្យបាត់សច្ចៈចំពោះអ្នកដទៃ ហើយនឹងនាំឲ្យសាបតំលៃខ្លួននៅទីបំផុត។ភាពស្មោះត្រង់គឺជាស្ពានចំលងតែមួយគត់ ដែលនាំទៅដល់ភាពស្និទ្ធស្នាលនិងការស្រឡាញ់រាប់អាន។មនុស្សដែលគ្មានភាពស្មោះត្រង់ គឺបានបង្កើតតែការសង្ស័យនិងការបែកបាក់សាមគ្គី ។ ភក្តីភាពគឺជាសម្រែកទាមទារយ៉ាងមុតមាំពីមនុស្សផងគ្នា សច្ចៈទៀងត្រង់ស្មោះត្រង់គឺជាបណ្តូលនៃគុណធម៌របស់មនុស្សដែលមិនអាចខ្វះបាន ! មនុស្សគ្មានភាពស្មោះត្រង់ មិនអាចមានកល្យាណមិត្តបានឡើយ ។
២- ការកាត់ចិត្ត
ពេលវេលាគឺលឿនរហ័សខ្លាំងណាស់ ខណះបច្ចុប្បន្នសឹងតាំងនៅមិនបាន ត្រូវក្លាយជាអតីតភ្លាមៗ ហេតុនេះកំហុសឆ្គងទាំងឡាយ ការឈឺចាប់ទាំងឡាយ សេចក្តីព្រាត់ប្រាស់និរាសចាកសត្វសង្ខារជាទីស្រឡាញ់ បានអូសទាញជីវិតឲ្យបែរក្រោយជានិច្ច មិនអាចមើលទៅមុខបានឡើយ។ការតាំងចិត្តដើម្បីបំភ្លេច ការតាំងចិត្តដើម្បីកាត់ចិត្ត ផ្តាច់អាល័យក្នុងអតីតកាល គឺជារឿងសំខាន់ណាស់ ដើម្បីស្រាយចំណងឲ្យជីវិតមានសេរីភាព ដើម្បីឲ្យមានការលើកលែងទោសឲ្យខ្លួនឯង ឬធ្វើខ្លួនឲ្យរួចពីគំនរវិប្បដិសារីយ៍ ដែលអាចនាំទៅដល់ការបំផ្លាញខ្លួនឯងជាដើម ។
៣- ការតាំងចិត្ត
ទំលាប់អាក្រក់ អំពើអាក្រក់ បើគ្មានការតាំងចិត្តដើម្បីលះបង់ទេ កុំសង្ឃឹមថាអាចលះបង់បានឲ្យសោះ ព្រោះការកំចាត់ទំលាប់អាក្រក់ចេញពីក្នុងខ្លួនមិនមែនជាការងាយឡើយ។ការបំពេញកិច្ចការងារ ការធ្វើឲ្យបានសម្រេចកិច្ចការធំដុំណាមួយ គឺត្រូវមានការតាំងចិត្តខ្ពង់ខ្ពស់មុតមាំណាស់។ការតាំងចិត្តវានាំឲ្យមានកម្លាំងជំរុញចិត្តពុះកញ្ជ្រោលឡើង ដើម្បីស្ទុះស្ទារបំពេញការងារ។មនុស្សដែលធ្វើការងារមិនបានសម្រេច ភាគច្រើនគឺបណ្តាលមកពីគ្មានការតាំងចិត្តឲ្យបានខ្លាំងក្លាមុះមុតនេះឯង!។
៤- ការសង្កត់ចិត្ត
ក្នុងសិក្ខាបទទាំង៥(សីល៥)អ្វីៗមនុស្សងាយធ្វើបាន តែការតមប្រព្រឹត្តិខុសក្នុងកាម និងតមកុហក គឺជារឿងដែលពិបាកតមជាងគេ ព្រោះធម្មជាតិរបស់រាគៈតណ្ហា គឺពុះកញ្ជ្រោល អន្ទះអន្ទែង ញៀនញ៉ាមខ្លាំងសម្បើមណាស់ បើមិនចេះសង្កត់ចិត្តឲ្យបានល្អទេ មុខជាអាចប្រព្រឹត្តិខុសថ្លោះធ្លោយខូចការជាមិនខាន!។ដើម្បីកុំឲ្យកិលេសវាស្ទុះខ្លាំងពេក ត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគអាហារ(កុំបរិភោគអាហារដែលមានឋាមពលខ្ពស់ ពិសេសគឺសាច់និងខ្លាញ់)និងការសំរួមភ្នែកត្រចៀកក្នុងការមើលនិងការស្តាប់ អ្វីគួរមើលអ្វីមិនគួរមើល អ្វីគួរស្តាប់និងអ្វីមិនគួរស្តាប់។

Comments