បងប្អូនប្រហែលធ្លាប់បានដឹងរួចមកហើយនូវភូមិ ៣២ ដែលល្បីថាជាភូមិចាស់តូចមួយស្ថិតនៅ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានអ្នកភូមិនៅទីនោះបោះបង់ចោលជាច្រើនឆ្នាំមកហើយចាប់តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ។
កាលពីមុនភូមិ ៣២ ជាភូមិមួយដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះកររួមមានមន្ទីរពេទ្យ និងសាលារៀន ប៉ុន្តែបានប្រែក្លាយជាភូមិសល់តែសំបកផ្ទះចាស់ៗបាក់បែក ស្ងាត់ជ្រងំ គ្មានមនុស្សរស់នៅសូម្បីតែមួយ គ្រួសារដូចកាលពីមុនទៀតនោះទេ ដែលមើលហាក់បីដូចជាផ្ទះខ្មោច និងគួរឲ្យខ្លាច ។
យោងតាមអ្នកភូមិដែលធ្លាប់រស់នៅទីនោះ បាននិយាយថា ភូមិ ៣២ មិនមែនជាភូមិខ្មោច ហើយក៏គ្មានខ្មោចលងសាហាវ ទើបគ្មានមនុស្សរស់នៅនោះទេ តែមកពីប្រជាជនរស់នៅទីនេះ សុទ្ធតែជាកម្មករនៅក្នុងចំការកៅស៊ូ ហើយម្ចាស់ចំការក៏បានសាងសង់ផ្ទះឲ្យស្នាក់នៅ តែក្រោយមកចំការកៅស៊ូក៏បានកាប់ចោលអស់ ដោយផ្លាស់មកដាំដំណាំ ផ្សេងៗវិញ ទើបមានការផ្លាស់ប្តូឲ្យអ្នករស់នៅភូមិ ៣២ នេះទៅនៅដីថ្មីកន្លែងថ្មីវិញ មូលហេតុនេះហើយទើបផ្ទះ មន្ទីរពេទ្យ និងសាលារៀននៅទីនោះ ត្រូវបានគេទុកចោលរហូតដល់សព្វថ្ងៃ ។


