បើយើងចង់ប្រាប់ទៅអ្នកដទៃថាខ្លួនឯងល្អ ចូរប្រាប់តាមរយៈសកម្មភាពល្អៗដែលចេញពីគំនិតល្អរបស់យើង។ វាមិនអាចទៅរួចទេ ដែលយើងចង់ឱ្យនរណាម្នាក់លើកតម្កើងយើង ដោយយើងត្រូវទៅជាន់ពន្លិចអ្នកដទៃ។ បើធ្វើបែបនេះ លទ្ធផល មិនមែនគេទេដែលលិច តែគឺអ្នកដែលព្យាយាមជាន់គេហ្នឹងហើយ។ ចង់ប្រដៅអ្នកដទៃ ត្រូវប្រដៅខ្លួនឯងជាមុនសិន។ ប្រដៅគេមិនបាន វាមិនឈឺចាប់ដូចប្រដៅខ្លួនឯងមិនបាននោះទេ។
ពេលយើងប្រើម្រាមដៃមួយចង្អុលទៅកាន់កំហុសរបស់គេ នោះម្រាមទាំងប៉ុន្មានដែលនៅសល់នឹងចង្អុលមករកខ្លួនរបស់យើង។ វាមានន័យថា «គ្មាននរណាដែលគួររិះគន់ឱ្យច្រើនលើសពីគាររិះគន់ខ្លួនឯងនោះទេ»។ ខ្ញុំឃើញមនុស្សខ្លះ ព្យាយាមលាបពណ៌គេ តែបែរជាភ្លេចថា ដៃដែលជ្រលក់ពណ៌ដើម្បីលាបគេនេះវាបានប្រឡាក់មុនគេទៅទៀត។ អ្នកដែលព្យាយាមរិះគន់ជាន់ពន្លិចអ្នកដទៃ ក្នុងន័យចង់ឱ្យគេថាខ្លួនជាមនុស្សប្រសើរអស្ចារ្យ គឺដូចជាមនុស្សដែលកំពុងតែបាចអង្កាមបញ្ច្រាសខ្យល់ ឬបាច់ភក់ដាក់មេឃ ចុងក្រោយមានតែត្រូវភក់ធ្លាក់លើក្បាល ហើយអង្កាមចូលភ្នែកតែប៉ុណ្ណោះ៕


