ចិត្តមាន...

lyvannak
នៅក្នុងជំរៅចិត្តមានវេទនានិងសញ្ញាច្រើនប្រភេទណាស់ វាកូពីទុកតាំងពីដើមកប្បមកម៉្លេះ គឺពួកវានេះហើយត្រូវបានសង្ខារតាក់តែងឲ្យក្លាយជាកម្លាំងឋាមពលនៃឧបាទាន សក្កាយទិដ្ឋិ និងតណ្ហានោះ ! ។ ពេលសមាធិវាផុសឡើងមកក្នុងមនោទ្វារជាហូរហែរ សូមត្រឹមតែពិនិត្យមើលសច្ចធម៌របស់វាដែលកើតរលត់ កុំបន្តគិត រីករាយ ស្អប់ ខឹង ត្រេកត្រអាល សុទ្ធតែមានវេទនានិងសញ្ញាចូលរួមទាំងអស់ បើយើងរំជួលចិត្តនឹងបង្ករប្រតិកម្មនាំឲ្យមានទុក្ខតទៅទៀតបាន ទាល់តែបន្តពិនិត្យកុំប្រតិកម្ម ទើបតណ្ហា ឧបាទាន ខ្សោយកម្លាំងហើយរលត់ទៅបានដោយកម្លាំងវិបស្សនា ។
បើវេទនាជាសុខវាបម្លែងទៅជាលោភៈ បើវេទនាជាទុក្ខវាបម្លែងទៅជាទោសៈ ! មើលផងកុំចេះតែសោយអារម្មណ៍ដោយមិនដឹងខ្លួនអី ព្រោះការគរពូនអារម្មណ៍នេះហើយវានឹងក្លាយទៅជាឧបនិស្ស័យដែលបង្ករជាឧបាទាន(ការប្រកាន់មាំបេះមិនចេញបាន) ។ ហេតុនេះកុំឆ្ងល់អីថា « លោកតា ! ខ្ញុំចេះធម៌ ស្តាប់ធម៌ច្រើនម្លឹងដែរ តែពេលគេស្តីបន្ទោស ពេលគេបានល្អជាង ហេតុអីខ្ញុំឈឺចាប់បេះមិនចេញសោះអញ្ចឹង? » គឺមកពីយើងមិនបានតាមមើលចិត្ត ចេះតែបណ្តែតបណ្តោយតាមចិត្តឲ្យវាសោយអារម្មណ៍ផ្តេសផ្តាស់ មិនតាមដាស់តឿនក្រើនរំលឹកវាជាប់ជានិច្ច ពេលសប្បាយក៏សប្បាយភ្លេចខ្លួនសើចពេញរង្វះមាត់ ពេលកើតទុក្ខក៏យំពេបវៀចមាត់វៀចកហូរទឹកភ្នែកដូចទឹកស្ទឹង .... កុំភ្លេចខ្លួន កុំភ្លេចតាមមើលចិត្តជាប់ជានិច្ចផង ។

Comments