ធម៌ទាំងឡាយមានចិត្តជាធំ ចិត្តជាធម្មជាតិប្រសើរបំផុតឬអប្រីយ៍បំផុត ការងារផងទាំងពួងសម្រេចអំពីចិត្ត ធ្វើបានសម្រេចមិនបានសម្រេចក៏មកអំពីចិត្ត ចិត្តដែលត្រូវលោភៈ ទោសៈ មោហៈ គ្របសង្កត់ហើយរមែងធ្វើតែអំពើទុច្ចរិតដែលនាំឲ្យមានទុក្ខទោសដល់ខ្លួនឯង ដូចកង់រទេះវិលតាមជើងគោដែលកំពុងអូសទៅ ។ ចិត្តដែលមានសទ្ធា មានមេត្តា ករុណានិងបញ្ញាដឹកនាំហើយ រមែងធ្វើតែអំពើសុចរិត ទោះពោលក្តីនិយាយក្តីគឺនាំមកនូវប្រយោជន៍ នាំមកនូវសេចក្តីសុខដល់ខ្លួនឯងនិងអ្នកដទៃមិនមានក្តីរង្គៀសឡើយ ។


