នៅពីក្រោយអ្វីដែលគេបានឃើញ គឺជាអ្វីដែលយើងបានជួប បានឆ្លងកាត់ ហើយគ្មាននរណាម្នាក់បានឃើញឡើយក្រៅពីអ្នកដែលធ្វើឱ្យយើងឈឺចាប់ ហើយនោះគឺជាយើងខ្លួនឯងហ្នឹងហើយ។ នៅក្រោយស្នាមញញឹមគឺស្នាមរបួស គឺវាជាការពិតមែនហើយ។ មើលចុះ! យើងស្លៀកសម្លៀកបំពាក់ស្អាតៗ ឱ្យអ្នកដទៃបានឃើញ ប៉ុន្តែការពិតគឺថ្នេរខាងក្នុងរបស់វាមិនស្អាតទេ ហើយយើងមិនឱ្យនរណាបានឃើញវាទេ យើងពាក់បង្ហាញភាពឥតខ្ចោះ ភាពត្រឹមត្រូវ ប៉ុន្តែខាងក្នុងនោះវាគ្មានអ្វីស្អាតស្អំឡើយ។
នៅក្នុងកាលៈទេសៈខ្លះ គឺយើងត្រូវបង្ហាញស្នាមញញឹម យើងញញឹមច្រើនបំផុតដាក់អ្នកដទៃ ហើយប្រសិនបើយើងអាចញញឹមបែបនេះដាក់ខ្លួនឯង វាប្រាកដជាល្អជាងហ្នឹងឆ្ងាយណាស់។ ការពិតទៅ ភាពស្រស់ត្រកាលគឺស្ថិតនៅផ្នែកម្ខាង ហើយភាពអួអាប់គឺស្ថិតនៅផ្នែកម្ខាង។ ផែនដីនេះមិនងងឹតទាំងអស់ទេ នៅពេលផ្នែកម្ខាងងងឹត ផ្នែកម្ខាងទៀតគឺមានពន្លឺ។ វាក៏ដូចគ្នាដែលថានៅពេលយើងត្រូវប្រឈមនឹងបញ្ហា នោះវាប្រាកដជានៅតែមានដំណោះស្រាយនៅផ្នែកម្ខាងទៀត។ ចួនកាលរឿងដែលយើងគិតថាវាលំបាកខ្លាំងណាស់នោះ វាជារឿង���ែលងាយស្រួលជាងការគិតរបស់យើងឆ្ងាយណាស់!!!
ប្រវត្តិរបស់រូបចម្លាក់មួយ ដែលពោរពេញដោយក្បាច់ក្បូរវិចិត្រគឺភាពឈឺចាប់ ការអត់ទ្រាំ និងក្ដីអំណត់។ យើងឱ្យតម្លៃចំពោះស្នាមញញឹម ព្រោះយើងធ្លាប់ឆ្លងកាត់ការឈឺចាប់។ យើងឱ្យតម្លៃចំពោះភាពជោគជ័យ ព្រោះយើងធ្លាប់បរាជ័យ។ យើងឱ្យតម្លៃចំពោះការជួបជុំ ព្រោះយើងធ្លាប់បែកបាក់។ យើងឱ្យតម្លៃចំពោះគ្រប់យ៉ាងដែលយើងលំបាកក្នុងការទទួលបានវា ព្រោះនោះវាសមនឹងតម្លៃនៃការលះបង់របស់យើងរហូតមក។


