_រៀបការពេលណាហៅផង ខ្ញុំនឹងទៅចូលរួម! ព្រោះខ្ញុំស្គាល់គេច្បាស់គេសាងកំហុសធំប៉ុនមហាមេឃរឿងអីគេមានមុខមកអញ្ជើញការខ្ញុំនោះ។
មួយរយៈក្រោយមកក៏ស្រាប់តែគេខលមកខ្ញុំសួរខ្ញុំថា៖
_អូននៅកន្លែងធ្វើការទេ? (គេនៅហៅខ្ញុំអូន តាមខឹងចង់ហក់ធាក់ឱ្យបែកកញ្ចប់មាត់) តែទប់ទាន់ក៏ប្រាប់ថានៅហើយសួរគេថា មានការអីដែរ? គេឆ្លើយមកឱ្យរអិលដូចលេបខ្លាញ់គោអស់ពីរបីគីឡូមុននេះថា៖
_ចង់អញ្ជើញ អូនញុាំការ ! ខ្ញុំហើបគូថពីកៅអីដោយភ្ញាក់ផ្អើល!
នេះគេអាប្រុសចោលម្សៀតនោះ ហ៊ានហៅការខ្ញុំមែន? ចំជារកលេខដាក់គ្មានមែន មិនដឹងថានិយាយបញ្ឈឺ ឬ ជាការគួរសមអីទេឬ? ខ្ញុំក៏ចិត្តខ្លាំងណាត់គេនៅហាងអារហាក្បែនោះដើម្បីបានធៀបការពីអតីតសង្សារមហាអស្ចារ្យមហាលោតផ្លោះរបស់ខ្ញុំ។
ខ្ញុំបើកធៀបការមើលឃើញគេឈរគៀកអនាគតភរិយាគេឱ្យគ្រហ៊ើរៗ វិះតែនឹងព្រួសកាហ្វេពេញមុខអនាគតកូនកំលោះទៀ ហ្ន៎។ ហើយក៏ប្រញាប់បិទធៀបវិញហើយប្រាប់គេបែបហំហានថា អូខេ ខ្ញុំនឹងចូលរួម។
ហើយខ្ញុំក៏ក្រោកដើរចេញយ៉ាងមានអំនួត។
ថ្ងៃរៀបការគេបានមកដល់ ខ្ញុំគិតថាគួរចងដៃគេប៉ុណ្ណា? ព្រោះទោះចងតិច ឬ ច្រើន ក៏វាទុកជាការអាសាបង់ព្រោះខ្ញុំមិនហៅការគេវិញទេ បើសិនថ្ងៃណាមួយខ្ញុំរៀបការវិញនោះ។
១០០ដុល្លាជាចំណុចគោល ផាត់មុខធ្វើសក់១០$ ទិញរ៉ូម ស្បែកជើងថ្មីអស់៥០$ កាបូបដៃថ្មីមួយអស់២០$ទាំងនេះទិញហើយសុទ្ធតែនៅអាចប្រើវិញបានទាំងអស់ នៅសល់២០$ចងដៃគេចប់សេចក្ដី។ ពេលទៅដល់គេឈរមុខរោងសើចស្ញេញឡើងឃើញដល់ថ្គាមគ្មានលាក់បាំងអីសោះ ខាងស្រីហាមាត់ធំៗសើចហាស៎ៗមិនខ្លាចរុយហើរចូលមាត់កើតកូនកើតចៅទេមើលទៅ ខ្ញុំដើរចូលទៅរកកន្លែងគួរសម។
ខ្ញុំគិតថាមិននៅយូរទេ ញុាំហើយប្រញាប់មកវិញតែចៃដន្យមេឃភ្លៀងក៏នៅបន្ដរហូតដល់កម្មវិធីកាត់នំ បោះផ្កា....ខ្ញុំត្រូវបានមិត្តរួមតុអញ្ជើញចេញឱ្យទៅចូលរួមនឹងគេ ក្រែងចាប់ផ្កាបាន បានរៀបការបន្ទាប់ពីមួយគូនោះ ខ្ញុំទៅឈរហែហមជិតគេ តែក៏មិនជ្រើមជ្រួលរឿងចាប់ផ្កា ចាប់អីហ្នឹងដែរ ខ្ញុំឈរមើលមេឃហើយនិយាយក្នុងចិត្តថា ៖
_អង្កាល់រាំងភ្លៀង ? ខ្ញុំឮសំឡេងស្រែកហ៊ោ ពេលផ្កានោះតម្រង់ក្បាលមកខ្ញុំ ខ្ញុំភ័យពេកខ្លាចត្រូវមុខក៏លើកដៃចាប់ជាប់ ផ្កាដែលខ្ញុំស្អប់ ខ្ញុំគិតក្នុងចិត្ត។ ពិធីករអញ្ជើញខ្ញុំឱ្យឡើងឆាក តែខ្ញុំបដិសេធ !
ខ្ញុំញញឹមជាការគួរសមហើយកាន់ផ្កានោះចេញមកក្រៅ ពេលមើលទៅក៏ឃើញអាំងប៉ាវមួយ ខ្ញុំដកយកអាំងប៉ាវហើយបោះផ្កានោះចោលទៅ ។
មកដល់ផ្ទះបើកមើលឃើញលុយ100$ក្នុងនោះ ខ្ញុំក៏ចាប់ផ្ដើមគិតលុយឃើញថារួចខ្លួន។
ចប់😃
_____________________________________



