ទុក្ខធំបំផុតគឺជាអ្វី ? ព្រះពុទ្ធទ្រង់មានព្រះបញ្ញាញាណដ៏បរិសុទ្ធបានឈ្វេងយល់ថា គឺឧបាទានក្ខ័ន្ធ៥ជាមេទុក្ខដ៏ធំនៅក្នុងលោក ! ។ ឧបាទានប្រែថា ការប្រកាន់មាំ ការរឹងមានះក្នុងភាពប្រកាន់មិនអាចផ្លាស់ប្តូរបាន មនុស្សប្រកាន់មិនអាចផ្លាស់ប្តូរការគិតបាននោះហើយដែលមានទុក្ខធំជាងគេ ។ មនុស្សកាចឃោរឃៅ មានះរឹងត្អឹង មនុស្សកំណាញ់ឬស្យា មនុស្សច្រណែននិន្ទា មនុស្សលោភលន់ ....ដែលមិនអាចផ្លាស់ប្តូរគំនិតបានតែងតែត្រូវវេទនាជាមួយអារម្មណ៍ខ្លួនឯងយ៉ាងខ្លាំងក្លា ត្រូវប្រឈមជាមួយនឹងការផ្តល់ហេតុផលពីសភាវៈដែលផ្ទុយនឹងសភាវៈរបស់ខ្លួន ។ មនុស្សដែលមានក្តីសុខច្រើនគឺជាមនុស្សពូកែផ្លាស់ប្តូរ សម្របសម្រួលជាមួយស្ថានការណ៍ខាងក្រៅ អ្នកទាំងនោះគ្មានអ្នកណាក្រៅពីពុទ្ធបរិស័ទដែលខិតខំហ្វឹកហាត់ប្រតិបត្តិតាមធម៌នោះឡើយ ព្រោះពេញមួយជីវិតរបស់ពួកគេគឺប្រយុទ្ធដើម្បីផ្លាស់ប្តូរការមានះប្រកាន់នេះឯង ផ្ទុយទៅវិញ បើពុទ្ធបរិស័ទណាហ្វឹកហាត់ហើយប្រែជាមានះប្រកាន់លើសដើមនោះ គឺគេពិតជាជាប់ក្នុងទិដ្ឋិខុសឆ្គងនោះហើយ ! ។

