នៅឆ្នាំ២០១៨ ក្រុមហ៊ុន Facebook បានធ្វើការកត់សម្គាល់ថាជាង ៥០% នៃការផ្ញើសារជាសំឡេងទាំងអស់នៅក្នុងកម្មវិធី Messenger គឺចេញពី អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមឯកសារផ្ទៃក្នុងក្រុមហ៊ុនមួយនេះដែល ទម្លាយដោយកញ្ញា Frances Haugen អតីតអ្នកគ្រប់គ្រងផ្នែកផលិតរបស់ Facebook ដោយមានការចុះផ្សាយនៅសារព័ត៌មាន Rest of World ។
ដោយសារតែការផ្ញើសារជាសំឡេងនៅកម្ពុជាមានលក្ខណៈច្រើនលើសលុបបែបនេះ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Facebook ក៏បានធ្វើស្ទង់មតិលើអ្នកប្រើប្រាស់មកប្រទេសដែលមានការប្រើប្រាស់ផ្ញើសារជាសំឡេងច្រើន ដែលនៅក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីស្វែងរកមូលហេតុថា តើនេះដោយសារកម្រិតយល់ដឹងនៃការប្រើប្រាស់ ឬសរសេរអក្សរនៅមានកម្រិតទាប ឬក៏យ៉ាងណា?
បើប្រភពដដែលខាងលើ ជាការសន្និដ្ឋានទូទៅមូលហេតុដែលប្រើប្រាស់ការផ្ញើសារជាសំឡេងនេះគឺថា ការសរសេរ និងប្រើប្រាស់ជាភាសារបស់ពួកគេនៅមានការលំបាកដោយសារតែភាពស្មុគស្មាញនៃភាសា និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដូចជានៅលើទូរស័ព្ទទំនើបជាដើមនៅមានកម្រិតចំពោះភាសារបស់ពួកគេ។ លើសពីនេះចំពោះបណ្ដាញសង្គមផ្សេងៗដូចជា Telegram និង WhatApp ជាដើម ក៏ពួកគេនៅតែប្រើប្រាស់ការផ្ញើសារជាសំឡេងច្រើនជាងផងដែរ។
ជាក់ស្ដែងដូចជាភាសាខ្មែរ ដែលមានព្យញ្ជនៈ ស្រៈ និងសញ្ញានានាទាំងអស់រហូតដល់ ៧៤តួ ដែលបង្កជាភាពស្មុគស្មាញច្រើននៅពេលវាយនៅលើទូរស័ព្ទ ដោយតម្រូវឲ្យក្ដារចុកពីរ និងអ្នកប្រើប្រាស់ឆ្លាស់ក្ដារចុចចុះឡើង។ មិនតែប៉ុណ្ណោះ វាមានការលំបាក នៅពេលសរសេរ ក៏ដូចជានៅពេលដែលផ្ញើសំណេរទៅកាន់ ទូរស័ព្ទដៃផ្សេងដែលមិនមាន ឬមិនស្គាល់ភាសាខ្មែរនេះ ដូច្នេះហើយជាហេតុនាំអ្នកប្រើប្រាស់នៅក្នុងប្រទេសនេះ ប្រើសារសំឡេងជំនួស អ្នកខ្លះអាចជាសរសេរបែបឡាតាំង តែប្រកបជាខ្មែរ និងអ្នកខ្លះទៀតសរសេរភាសាអង់គ្លេសតែម្ដង៕

