ការរកខុសត្រូវក្នុងគ្រួសារ ក្នុងសង្គម ពេលខ្លះមិនបានទទួលអ្វីក្រៅតែពីភាពក្តៅក្រហាយនោះទេ វាធ្វើឲ្យយើងសន្លប់ក្នុងគំនិតអវិជ្ជមានឬធ្លាក់ក្នុងរណ្តៅទិដ្ឋិមានះប្រកាន់ដោយមិនដឹងខ្លួនតែប៉ុណ្ណោះ ។ នៅពេលដែលអ្នកត្អូញត្អែរជ្រុលខ្លាំងពេកគឺបានត្រឹមតែធ្វើខ្លួនឲ្យក្លាយជាជនរងគ្រោះ ពេលខ្លះធ្វើឲ្យបាត់បង់តំលៃនិងអំណាចរបស់ខ្លួនឯងទៅវិញទេ ។ ដើម្បីផ្លាស់ប្តូរស្ថានភាពនេះមានវិធានការតែមួយគត់គឺ ត្រូវនិយាយចេញបើអ្នកគិតថាវាចាំបាច់ត្រូវនិយាយ ឬ រកវិធីចាកចេញពីស្ថានភាពនោះ ឬ ព្រមទទួលយកដោយមិនប្រតិកម្មចិត្ត ទង្វើក្រៅពីនេះអាចមិនត្រឹមត្រូវឡើយ ។ ពាក្យសម្តីណាដែលធ្វើឲ្យអ្នកឈឺចាប់ អាកប្បកិរិយាណាដែលធ្វើឲ្យអ្នកមានសំពាធ កុំព្យាយាមម្តងហើយម្តងទៀតដើម្បីរកខុសត្រូវអី គំនិតដែលអ្នកព្យាយាមនោះមិនមែនជាបញ្ញាទេ វាជាឧបាទានឬអាត្មានិយម អ្នកត្រូវទំលាក់វាចោលភ្លាមទៅ ! ។ បើអ្នកមិនទំលាក់ចោលទេ គំនិតនោះបានត្រឹមតែធ្វើឲ្យអ្នកបរាជ័យផ្នែកសីលធម៌តែប៉ុណ្ណោះ ! អ្នកបានត្រឹមតែបែកញើ់សជោគថ្ងាសព្រោះតែខំការពារគំនិតខ្លួនឯងដែលភ័យខ្លាចអន់ ខ្លាចមិនបានពាក្យត្រូវ ជាដើម ។ បើទំលាក់ចោលគំនិតមិនបានទេ គំនិតនេះនឹងរំខានអ្នកមិនអាចបានជួបចិត្តស្ងប់ឡើយ ។ តាមពិតគ្មានអ្នកណាយកអីបានពីលោកនេះទៅសោះ !

