ការបង្រៀនដ៏បរិសុទ្ធរបស់ព្រះពុទ្

M
miss-food

ការបង្រៀនដ៏បរិសុទ្ធរបស់ព្រះពុទ្ធ(វិសុទ្ធិគុណ)មិនបានប្រកាន់និកាយសាសនា មិនបានដាក់ទោសកំហុសលើសាសនាណា មិនបានបែងចែកពណ៌សំបុរនិងជំនឿប្រពៃណីវប្បធម៌ មិនបានថ្កោលទោសចាប់កំហុស ឬស្តីបន្ទោសទ្រឹស្តីណាទាំងអស់ ។ មេរៀនរបស់ព្រះអង្គគឺផ្តល់មូលដ្ឋានវិភាគពិចារណាដើម្បីការរួមរស់ក្នុងសុខសន្តិភាពទាំងអស់គ្នា ។ សេចក្តីបរិសុទ្ធរបស់មេរៀនក្នុងសមាធិ វិបស្សនា ធ្វើឲ្យមនុស្សបានស្គាល់ការពិតទាំងខាងក្នុងនិងខាងក្រៅ ។ ភាពស្ងប់ស្ងាត់ផ្លូវចិត្តផ្តល់ឲ្យយើងនូវភ័ព្វសំណាង ដែលយើងអាចឆ្លុះបញ្ចាំងនិងសញ្ជឹងគិតដើម្បីបណ្តុះបណ្តាលបញ្ញាញាណ ។ ព្រះពុទ្ធបានបង្រៀនយើងឲ្យធ្វើអ្វីៗត្រូវប្រកបដោយសតិដឹងទាន់ គឺដើម្បីបញ្ជៀសនូវវិបត្តិគ្រប់បែបយ៉ាងដែលកើតឡើងពីការធ្វេសប្រហែសស្មារតី នេះគឺជាបញ្ហាសកលរបស់មនុស្ស ។ មេរៀនដែលខ្ពស់បំផុតគឺវាយផ្តាច់ទុក្ខសោកតាមផ្លូវចិត្តតែម្តង នោះគឺមេរៀនអភិធម្មដែលជាបរមត្ថធម៌បំបែកការប្រកាន់ខ្ជាប់អារម្មណ៍ក្នុងលោកដែលជាទុក្ខសុទ្ធសាធ ។ នេះជាខ្លួន នេះជារបស់ខ្លួនគឺជាភាពវង្វេងរបស់វិញ្ញាណ ដែលតាមពិតវាមិនឋិតក្រោមអំណាចខ្លួនទាល់តែសោះ បង្គាប់បញ្ជាមិនបាន កើតពីបច្ច័យពីគ្រឿងផ្សំ អត់មានតួខ្លួនទេ កន្លែងណាដែលគ្មានខ្លួន កន្លែងនោះគ្មានព្រលឹង គ្មានអាត្ម័ន នឹងគ្មានម្ចាស់របស់វាឡើយ ។ បញ្ញាដែលស្គាល់ច្បាស់តាមសេចក្តីពិតរមែងរួចចាកពីការមានះប្រកាន់បាន ។

Comments