តើជីវិតបែបណាទើបជាជីវិតមានក្តីសុខពិតប្រាកដ ហើយជីវិតបែបណាទើបជាជីវិតមានទុក្ខពិតប្រាកដ ?តំបូងត្រូវត្រួតពិនិត្យពីនិយមន័យពាក្យថាសុខនិងទុក្ខនេះជាមុនសិន ។ សុខគឺមានភាពរីករាយ ចង់បានអីបានដូចចិត្ត គ្មានទទួលការប្រមាថមើលងាយ មានសុខភាពកាយចិត្តល្អ មានការជួបជុំមនុស្សសត្វដែលខ្លួនស្រឡាញ់ពេញចិត្ត អ្វីដែលផ្ទុយពីនេះគឺជាទុក្ខ ។ ក៏ប៉ុន្តែតើសេចក្តីសុខរបស់ជីវិតនោះវាទៀងទាត់រហូតទេ ? ទើបព្រះពុទ្ធពន្យល់បន្តទៀតថា តាមពិតសុខទុក្ខគឺឋិតនៅលើការគិតឯណេះទាំងអស់ ! គឺបញ្ញាទេដែលជាប្រភពនាំមនុស្សឲ្យមានក្តីសុខ ។ មនុស្សគ្រប់រូបសុទ្ធតែប៉ងប្រាថ្នាឲ្យជីវិតខ្លួនរស់នៅមានក្តីសុខច្រើន តែពេលខ្លះការខំស្វែងរកក្តីសុខវាក្លាយទៅជាទុក្ខផងក៏មាន អ្នកមិនដឹងទេឬ មនុស្សខ្លះមានអំណាចពេញដៃ រស់នៅយ៉ាងសេរី មានទ្រព្យនិងកិត្តិយសយ៉ាងហូរហៀរ តែបែរជាមិនពេញចិត្តនឹងការរស់នៅរបស់ខ្លួន ហើយព្យាយាមធ្វើអត្តឃាត ទាំងដែលមនុស្សខ្លះរស់នៅបានព្រឹកខ្វះល្ងាច រកខោអាវបាំងកាយសឹងតែមិនបាន តែបែរជាសើចសប្បាយមួយថ្ងៃទល់យប់ ! ប៉ុន្តែគេពិតជាមានទុក្ខរួមគ្នាគឺគេត្រូវជួបនឹងធម្មជាតិកើតរលត់ដូចៗគ្នា ព្រោះហេតុនេះទើបព្រះដ៏មានព្រះភាគ ព្រះអង្គមិនបានបែងចែកសុខទុក្ខរបស់ជីវិតនោះទេ ព្រោះអ្វីៗមិនទៀង ព្រះអង្គត្រាស់សង្ខេបថា ជាតិបិទុក្ខា ឲ្យតែមានកើតត្រូវតែមានទុក្ខ ជាតិនិរោធា ទុក្ខនិរោធោ រលត់ជាតិគឺរលត់ការកើតទើបរលត់ទុក្ខ ! មានរូបមានទុក្ខជាធម្មតា អ្នកណាយល់ព្រមជាមួយការពិតនេះអ្នកនោះទើបមានក្តីសុខជានិរន្តរ៍ ! ។ មាន ក្រ អាក្រក់ល្អ ស្តេចមន្ត្រី សេដ្ឋីអ្នកមាន ពាល បណ្ឌិត សុទ្ធតែស្លាប់ទៅតាមកម្មរៀងៗខ្លួន ! ។

