ទាំងស្អាត ឆ្លាត ពូកែ សុភាពរាបសា គួរឱ្យស្រឡាញ់ រកឯណាបានទាំងព្រមក៏រកទៅ ខ្ញុំអត់មានគ្រប់លក្ខណៈដូចខាងលើនេះទេ! 🤣😂😆
អានលើកទីមួយ អ្នកអាចនឹងសើច អានលើកទីពីរ អ្នកអាចគ្រាន់តែញញឹម អានលើកទីបី វាគ្មានអ្វីអស្ចារ្យនោះទេ។
ពិតមែនហើយ! មនុស្សម្នាក់ៗប្រាកដជាមិនល្អឥតខ្ចោះនោះទេ។ បទពិសោធជីវិតដែលគេឆ្លងកាត់ បានច្នៃគេឱ្យទៅជាមនុស្សដូចដែលអ្នកបានឃើញ បានស្គាល់ ប៉ុន្តែអ្នកក៏ត្រូវទទួលស្គាល់ផងដែរ ថាអ្នកមិនបានឆ្លងកាត់រឿងរ៉ាវដូចជាពួកគេនោះឡើយ។ ចួនកាល យើងវាយតម្លៃនរណាម្នាក់ទៅតាមតែបទពិសោធដែលយើងឆ្លងកាត់មក ទៅតាមតែគំនិតគិតយល់របស់យើង តែរឿងរ៉ាវវាពុំដូច្នេះឡើយ។
បទពិសោធដែលមនុស្សម្នាក់ៗឆ្លងកាត់មក វាប្រៀបដូចជាពុម្ពជីវិតរបស់គេអ៊ីចឹង។ តើអ្នកធ្លាប់ប្រទះឃើញថ្មរលោងៗដែរទេ? គឺភាគច្រើនថ្មទាំងនោះជាថ្មដែលមាននៅតាមឆ្នេរសមុទ្រ តាមទឹកជ្រោះដែលហូរចុះពីភ្នំ។ ពួកវាមានលក្ខណៈរលោងល្អ គ្មានជ្រុងនោះទេ ហើយរូបរាងរបស់វាស្អាតៗថែមទៀតផង។ នោះក៏ព្រោះថាវាត្រូវបានទឹករលកប៉ះរាប់សិបឆ្នាំ ឬត្រូវបានទឹកហូរកាត់ពីលើមកជាយូរឆ្នាំ ទោះទើបវាក្លាយទៅជាបែបនោះ។
បើអ្នកស្រឡាញ់នរណាម្នាក់ នោះគឺតែអ្នកស្រឡាញ់បច្ចុប្បន្នកាលរបស់គេ ហើយក៏ទទួលស្គាល់ពីអតីតកាលរបស់គេផងដែរ តែបើអ្នកស្រឡាញ់បច្ចុប្បន្នរបស់គេ តែបែរជាមិនទទួលយកអតីតកាលរបស់គេ ដូច្នេះត្រូវដោះលែងគេវិញទៅ ព្រោះអ្នកកំពុងតែបន្ថែមការឈឺចាប់ ឬស្លាកស្នាមរបួសផ្លូវចិត្តទៅឱ្យគេបន្ថែមហើយ! 🐇🍀

