ចួនកាល មនុស្សដែលយើងស្រឡាញ់ និងទុកចិត្តបំផុត គឺជាមនុស្សដែលបំផ្លាញការទុកចិត្តរបស់យើងច្រើនបំផុតដែរ។ ការដែលយើងមានឱកាសបានស្គាល់រាប់អានជាមួយនរណាម្នាក់ វាគឺដូចជាការសាកល្បងភ្លក្សនូវរសជាតិនៃទំនាក់ទំនងនោះអ៊ីចឹង។ ដូច្នេះគ្រាន់តែរាប់អានគ្នាធម្មតាគឺបានហើយ មិនចាំបាច់ស្រឡាញ់ខ្លាំងពេក ស្មោះត្រង់ពេកឱ្យតម្លៃពេក គោរពពេក ឬក៏ថារំពឹងពីគេខ្លាំងពេកក៏មិនចាំបាច់ដែរ។
ទំនាក់ទំនងកាន់តែជ្រៅ ដំបៅកាន់តែឈឺ ពីព្រោះទំនុកចិត្តដែលយើងបង់ចូលទៅក្នុងទំនាក់ទំនងមួយ បើវារលាយអស់ទៅ វាក៏នឹងធ្វើឱ្យយើងឈឺចាប់ខ្លាំង។ មនុស្សយើងអាចនិយាយបានថា នៅក្នុងទំនាក់ទំនងមួយ វានឹងរីកចម្រើនទៅមុខ ឬក៏ត្រូវធ្លាក់ចុះ គឺនៅលើទំនុកចិត្តនេះឯង។ យើងត្រូវមានភាពស្មោះត្រង់ ប៉ុន្តែមិនមែនល្ងង់។ យើងត្រូវជឿជាក់ប៉ុន្តែមិនមែនជឿងប់។ មនុស្សដែលអាចសម្លាប់យើងបានដោយងាយ គឺមនុស្សដែលយើងជឿទុកចិត្តខ្លាំងជ្រុលហ្នឹងឯង។
វាមិនពិបាកទេ ដែលត្រូវរកមនុស្សមកអង្គុយស្ដាប់យើងនិយាយរឿងប្រាប់ ប៉ុន្តែមនុស្សដែលកម្រមាននៅក្នុងជីវិតយើង គឺមនុស្សដែលអាចយល់បានពីភាពស្ងៀមស្ងាត់របស់យើង។ ឆ្លងកាត់ការរស់នៅអស់រយៈពេល១០ឆ្នាំពីរដង ខ្ញុំក៏បានរៀនសូត្រពីជីវិតបានខ្លះៗ។ នៅក្នុងស្ថានភាពដែលយើងលំបាកបំផុត វាគឺជាពេលមួយដ៏ល្អដើម្បីពិសោធឱ្យឃើញថា នរណាដែលពិតជាស្រឡាញ់យើងបំផុត ហើយនរណាដែលគ្រាន់តែត្រូវការយើងដើម្បីគ្រាន់តែទាញយកផលប្រយោជន៍។
ពេលយើងជោគជ័យ មិនខ្វះទេមនុស្សដែលមកស្គាល់យើង ប៉ុន្តែបើសួរថាតើមានប៉ុន្មាននាក់ដែលជួយជ្រោមជ្រែងយើងតាំងពីដំបូងរហូតមក? ចម្លើយគឺមានមិនច្រើនទេ ព្រោះវាអាចរាប់ត្រឹមតែម្រាមដៃក៏គ្រប់ដែរ។ វាមិនសំខាន់ទេថាយើងបានស្គាល់មនុស្សច្រើនប៉ុនណា ប៉ុន្តែវាសំខាន់ថា តើមានមនុស្សប៉ុន្មាននាក់ដែលបានស្គាល់យើងវិញ ហើយនៅក្នុងការស្គាល់នេះ យើងបានជួយគ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្ត មិនមែនដើម្បីតែការកេងចំណេញលើគ្នា។

