“មានរឿងដែលយើងមិនចង់ឱ្យវាកើតឡើងទេ តែចុងក្រោយយើងក៏នៅតែទទួលស្គាល់ដែលបានឆ្លងកាត់វា។ មានរឿងជាច្រើនដែលយើងមិនចង់ស្ដាប់ឮ ប៉ុន្តែទីបំផុតយើងក៏នៅតែអាចទទួលស្ដាប់រហូតដល់ចប់។ មានទំនាក់ទំនងជាច្រើនដែលយើងមិនដែលនឹកចង់បញ្ចប់ ប៉ុន្តែនៅទីបំផុតយើងក៏អនុញ្ញាតឱ្យវាបានបញ្ចប់ទៅដោយភាពស្ងៀមស្ងាត់”
បើយើងចង់ធ្វើដំណើរទៅមុខ ចង់ផ្លាស់ប្ដូរ និងចង់បោះជំហានឱ្យបានលឿន យើងគួរតែទម្លាក់ចោលខ្លះនូវរបស់ដែលមិនចាំបាច់។ យើងគួរតែយល់ព្រមអនុញ្ញាតឱ្យនរណាម្នាក់ដែលចង់ចាកចេញពីជីវិតយើង ចាកចេញទៅតាមការស្នើសុំ និងការពេញចិត្តរបស់គេ។ បើយើងមិនព្រមអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញពីជីវិតយើង តាមការចង់បានរបស់គេទេ សូមសាកក្រឡេកមើលទៅដើមឈើទាំងអស់នេះទៅមើល។ ពេលរដូវរងាមកដល់ ពួកវាក៏អនុញ្ញាតឱ្យស្លឹកចាស់ៗ ស្លឹកដែលទុំអស់កម្លាំងតតាំងជាមួយខ្យល់ និងអាកាសធាតុតទៅទៀត ជ្រុះមកនៅលើដី។ ស្លឹកខ្លះក៏រសាត់អណ្ដែតឆ្ងាយទៅពីគល់។ ស្លឹកឈើទុំទាំងឡាយ បែកគ្នាពីដើមដោយគ្មានពាក្យលា ហើយក៏គ្មានពាក្យថាសោកស្ដាយចំពោះគ្នា។ ពួកវាចាកចេញពីដើមឈើ ដោយមិនស្ដាយចំពោះអនុស្សាវរីយ៍ដែលមានជាមួយគ្នាពេញមួយឆ្នាំ។ ដើមឈើគឺនៅតែស្រស់ស្អាតជានិច្ច។ នៅពេលដែលវាចាប់ផ្ដើមលាស់ត្រួយថ្មីៗ សម្រស់នៃដើមឈើទាំងមូលគឺស្ថិតនៅលើចុង។ ពេលដល់រដូវស្លឹកឈើជ្រុះឬរដូវរងា សម្រស់របស់វា ស្ថិតនៅជុំវិញគល់។
ពេលដើមឈើចេញផ្កា សម្រស់របស់វានៅលើមែកទាំងអស់។ គំរូភាពពីធម្មជាតិ តែងតែផ្ដល់មេរៀនចំពោះជីវិតរស់នៅរបស់យើងជានិច្ច។ មិនមែនដើមឈើមិនស្រឡាញ់ស្លឹករបស់វាទេ ប៉ុន្តែព្រោះតែវាស្រឡាញ់ ទើបវាត្រូវអនុញ្ញាតឱ្យស្លឹកដែលទុំ បានជ្រុះចេញទៅ ហើយវាត្រូវផ្ដល់ឱកាសឱ្យស្លឹកថ្មីលាស់ចេញមកបន្តទៀត។ យើងត្រូវទទួលស្គាល់ថាគ្រប់យ៉ាងផ្លាស់ប្ដូរ ហើយវាផ្លាស់ប្ដូរគ្រប់យ៉ាង គ្រប់វិនាទីទាំងអស់ គ្រាន់តែរឿងខ្លះយើងមិនសូវយកចិត្តទុកដាក់ ឯរឿងខ្លះទៀតយើងចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងតែប៉ុណ្ណឹងឯង។
នៅក្នុងជីវិតយើង ពេលខ្លះយើងនឹងបាត់បង់នូវរបស់ជាទីស្រឡាញ់ពេញចិត្ត របស់ដែលធ្វើឱ្យជីវិតយើងមានអត្ថន័យខ្លាំងក្លា ហើយប្រាកដណាស់ យើងនឹងសោកស្ដាយខ្លាំង និងឈឺចាប់ខ្លាំងពេលដែលបាត់បង់វាទៅ។ ប៉ុន្តែ ទោះបីជាទំហំឈឺចាប់របស់យើងច្រើនប៉ុនណាក៏ដោយ ក៏វានៅតែតូចជាងការអត់ទ្រាំរបស់យើងជានិច្ច។ បើយើងមិនបាត់បង់របស់ខ្លះៗទេ យើងក៏ឥតទទួលបានអ្វីថ្មីៗបន្តទៀតដែរ។ វាគ្មានការបាត់បង់ទាំងស្រុងទេ វាគ្រាន់តែជាការផ្លាស់ប្ដូរនៅក្នុងដំណើរជីវិតតែប៉ុណ្ណឹងឯង។ វាដូចជាការទំពាអាហារចូលទៅក្នុងពោះដូច្នេះដែរ មិនថាវាជាអាហារថ្លៃ អាហារល្អប៉ុនណា បើវាដល់ម៉ោងចេញមកវិញ តើយើងនឹងទ្រាំទប់ម្តេចកើត? បើចង់ទទួលអាហារថ្មីៗ គួរតែរីករាយនៅក្នុងការបញ្ចេញនូវកាកសំណល់អាហារចាស់ៗនោះចោលទៅ។ រឿងរ៉ាវទាំងអស់នេះគឺជារឿងតែមួយហ្នឹងឯង ព្រោះវាមានលក្ខណៈស្រដៀងៗគ្នា ដែលយើងអាចយកមករៀនសូត្របាន នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

