សូមផ្ញើក្ដីនឹករលឹកពីចម្ងាយដល់មនុស្សគ្រប់គ្នាដែលមានចំណែកក្នុងកម្រងអនុស្សាវរីយជីវិតរបស់ខ្ញុំ។ យើងប្រហែលជាបានទុកនរណាម្នាក់ចោលក្នុងរយៈពេលយ៉ាងយូរ ដោយមិនរវល់ចង់ដឹងពីសុខទុក្ខរបស់គេ។ ប៉ុន្តែនៅក្នុងខណៈវេលាមួយ វានឹងមានរឿងអ្វីតូចម្យ៉ាងដែលរំលឹកយើងពីអនុស្សាវរីយ និងរឿងរ៉ាវដ៏ច្រើនក្នុងអតីតកាលដែលយើងធ្លាប់មានជាមួយគ្នា។ ពេលវេលារសាត់ផុតទៅគ្រប់វិនាទី ប៉ុន្តែកម្រងអនុស្សាវរីយបានចងភ្ជាប់គ្នាយ៉ាងរឹងមាំ មិនងាយរលំរលាយ។ យើងប្រហែលធ្លាប់មានអារម្មណ៍ខឹង ស្អប់ អន់ចិត្ត នឹងមនុស្សដែលយើងធ្លាប់ផ្ដល់ក្ដីស្រឡាញ់ និងធ្លាប់ទទួលបានក្ដីស្រឡាញ់ពីគេយ៉ាងច្រើនលើសលប់។
ពេលនរណាម្នាក់បង្កើតកំហុសអ្វីមួយ យើងនឹងលើកវាមករំលឹកម្ដងហើយម្ដងទៀត ប៉ុន្តែរាល់ពេលដែលគេធ្វើសេចក្ដីល្អចំពោះយើង ចួនកាលយើងពុំបានផ្ដល់តម្លៃ និងកោតសរសើរ ឬនឹកអរគុណចំពោះទង្វើល្អនោះទេ រហូតទាល់តែថ្ងៃមួយដែលយើងលែងទទួលបានវាទៀត ទើបយើងចាប់ផ្ដើមនឹកឃើញថា អ្វីៗដែលយើងធ្លាប់ទទួលបាននោះវាមានតម្លៃលើសអ្វីទាំងអស់ដែលអាចគណនាជាចំនួនប្រាក់បាន។ សេចក្ដីស្រឡាញ់ ការលះបង់ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ជាច្រើន តែងតែធ្វើឱ្យយើងមានអារម្មណ៍កក់ក្ដៅ។ ពេលយើងរងាចិត្ត ដៃឱបដ៏កក់ក្ដៅពីមនុស្សដែលមានសេចក្ដីស្រឡាញ់ មានតម្លៃជាងពាក្យទូន្មានរាប់លានឃ្លាដែលចេញពីបបូរមាត់របស់គេ។
ជីវិតនេះខ្លីណាស់ ប៉ុន្តែវាក៏ស្មុគស្មាញមិនធម្មតាឡើយ។ យើងមានពេលមិនច្រើនទេ ដើម្បីឈ្លោះប្រកែកគ្នាយកចាញ់ឈ្នះ ហើយយើងក៏គ្មានពេលច្រើនឡើយ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីដែលយើងតែងតែប្រាថ្នាចង់បាន។ ថ្ងៃថ្មីវានៅតែជាថ្ងៃចាស់ដដែល ដរាបណាយើងមិនព្រមចាប់ផ្ដើមការគិតជាថ្មី។ ប្រសិនបើយើងមានអារម្មណ៍តានតឹងនៅថ្ងៃនេះ ហើយបន្តវារហូតដល់ថ្ងៃស្អែក នោះមានន័យថាយើងមិនបានចាប់ផ្ដើមថ្ងៃថ្មីឡើយ។

