ពេលខ្លះអ្នកមើលមកជីវិតខ្លួនឯងថា មិនសមប្រកប ហើយបន់ផ្សងឱ្យជីវិតខ្លួនឯងហ្នឹង ដូចនរណាម្នាក់។ អ្នកគិតថាជីវិតគេល្អណាស់ គេជោគជ័យ គេមានភាពពេញនិយម គេមានមិត្តភក្តិច្រើន គេមានអ្វីៗគ្រប់យ៉ាង…. មើលទៅជីវិតគេ គឺពោរពេញទៅដោយសុភមង្គលខ្លាំងណាស់។ បែរមកមើលជីវិតអ្នកវិញ គឺផ្ទុយស្រឡះ ជីវិតមួយនេះគឺមានតែភាពឈឺចាប់ ភាពបរាជ័យ អ្នកខំស្ទើរស្លាប់ស្ទើររស់ក៏នៅតែមិនជោគជ័យដូចគេ។ អ្នកខំរកមើលតែចំណុចមិនសមប្រកបពីជីវិតរបស់អ្នក ហើយប្រៀបធៀបសុភមង្គលរបស់អ្នកជាមួយនឹងអ្នកដទៃ។
អ្នកក៏ចាប់ផ្តើមមានអារម្មណ៍ថា ស្អប់ជីវិតខ្លួនឯងដែលកំពុងមាន អ្នកក៏ភ្លេចមើលអំពីចំណុចល្អៗដែលជីវិតអ្នកកំពុងមាន ដូចជា មានគ្រួសារដែលស្រឡាញ់គាំទ្រ មានមិត្តភក្តិពីរបីនាក់ដែលមិនដែលទៅចោលអ្នក មានដៃគូដែលមិនបោះបង់អ្នកពេលអ្នកបរាជ័យ មានឱកាសអាចធ្វើរឿងតូចតាចដោយមិនមានសំពាធ ឬត្រូវទាមទារចំណាប់អារម្មណ៍ពីមនុស្សដែលអ្នកមិនស្គាល់….។

