បើយើងចេះខំប្រឹងធ្វើការងារគ្មានពេលទំនេរ ទោះបីក្រក៏ល្អមើលដែរ តែឃើញអ្នកខ្លះសម្បូរតែពេលដើរផ្ទះគេ និយាយដើមគេ លើកពីនេះទៅដាក់ខាងនោះ ចាក់ចុចញុះញង់គេ លេងបៀរ កាត់យល់សប្ដិ ចាក់កន្ទុយលេខ ផឹកស៊ីប៉ោឡែ ហើយពោលថារវល់ណាស់ៗ បែបនេះក៏សមតែក្រហ្នឹងឯង។ ហេតុផលគ្រប់ជំពូកតែងនៅជាមួយមនុស្សខ្ជិល ឯមនុស្សឧស្សាហ៍មានតែការតាំងចិត្ត និងការប្ដេជ្ញាចិត្តប៉ុណ្ណោះ។ មនុស្សខ្ជិលនិយាយអីក៏ងាយដែរ ព្រោះនិយាយដោយមិនធ្វើឱ្យចេញជាលទ្ធផល។
បើមានគេដាស់តឿនយើង អរគុណគេទៅ កុំទៅខឹងឌឺដងជាមួយគេ ព្រោះវាគ្មានបានប្រយោជន៍អ្វីឡើយ។ គេនៅនិយាយ នៅដាស់តឿនក្រើនរម្លឹក គួរតែសប្បាយចិត្ត ព្រោះគ្មានអ្នកណាទៅដាស់តឿនក្រើនរម្លឹកមនុស្សដែលខ្លួនស្អប់ទេ។ គេស្រឡាញ់ទើបគេថា តែបើថាមិនបាន និយាយមិនបាន គេនឹងឈប់និយាយ ហើយបណ្ដោយលែងខ្វល់នឹងយើង ឬក៏យើងចង់បានបែបនេះដែរ?

