#ស្ងៀមស្ងាត់

M
វាមិនមែនគ្រប់រឿងរ៉ាវគឺសុទ្ធតែត្រូវបាននិយាយចេញទៅនោះទេ ប៉ុន្តែគ្រប់ពេលយើងតែងដឹងជានិច្ចថា ហេតុអ្វីក៏យើងត្រូវរក្សាពាក្យទាំងអស់នោះនៅក្នុងចិត្តរហូតមក។ គ្រប់គ្នាប្រាកដជាមានរឿងជាច្រើនលាក់ទុកនៅក្នុងចិត្តរហូតមក។
ជីវិតគឺពិតជាមានភាពសាមញ្ញណាស់ ប៉ុន្តែទម្រាំតែយើងអាចរស់នៅជាមនុស្សដ៏សែនសាមញ្ញម្នាក់គឺមិនមែនជារឿងងាយស្រួលទេ។ ជីវិតវាស្រួលទេ ប៉ុន្តែយើងពិបាកនឹងយល់អំពីវា។ ពេលចង់ស្គាល់សុភមង្គលត្រូវឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាកសិន។ បើចង់ស្គាល់ពីតម្លៃនៃភាពស្ងៀមស្ងាត់នោះថាវាមានតម្លៃខ្លាំងប៉ុនណា យើងក៏ត្រូវឈ្វេងយល់ជាមុនសិនថា អារម្មណ៍ច្របូកច្របល់ និងរំខាននោះវាបែបណា។ ទម្រាំស្គាល់ពីតម្លៃនៃវត្តមានរបស់នរណាម្នាក់វាទាល់តែវត្តមានរបស់គេលែងមាន។ បើចង់ចេះផ្ដល់តម្លៃចំពោះអ្វីដែលមានទាល់តែធ្លាប់បាត់បង់រួចមកហើយ។
បើចង់ស្គាល់តម្លៃនៃពេលវេលាដែលចួបជុំថាវាមានតម្លៃបែបណាទាល់តែពេលបែកគ្នា។ ពេលនឹកដល់នរណាម្នាក់គឺយើងប្រាកដជានឹកដល់រឿងល្អៗ ដែលធ្លាប់បានសាងបង្កើតឡើងឡើងជាមួយគ្នា។ ជួនកាលមានពេលនៅជិតគ្នាក៏មិនដែលបាននិយាយពាក្យថានឹក ប៉ុន្តែពេលដែលមានអារម្មណ៍ថានឹក យើងគ្រាន់តែនឹកវត្តមានរបស់គេប៉ុណ្ណោះ ហើយស្ទើរតែគ្រប់ពេល ដែលយើងមានចិត្តនឹករលឹកដល់នរណាម្នាក់ខ្លាំងបំផុត វាស្ទើរតែលែងមានឱកាសដើម្បីប្រាប់ពាក្យហ្នឹងឱ្យ គេបានដឹងទៅហើយ។ បើនៅមានពេលវេលា សូមចែករំលែកពេលវេលាខ្លះជាមួយមនុស្សជាទីស្រលាញ់ ហើយក៏ត្រូវទុកពេលវេលា ខ្លះសម្រាប់ខ្លួនឯង។

Comments