ឃ្លាថា “រស់នៅឱ្យរីករាយ” ស្ដាប់ទៅ ហាក់ដូចជាងាយណាស់ តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ រីករាយយ៉ាងម៉េចបាន បើជីវិតជួបតែបញ្ហា? គួររីករាយបែបណា បើមិនទាន់សម្រេចបំណងប្រាថ្នាបាននៅឡើយ? តើគួរធ្វើយ៉ាងណាទៅ ទើបអាចរស់នៅដោយរីករាយនោះ?
កាលពីមុន ខ្ញុំគឺជាមនុស្សដែលមិនសូវចេះរីករាយជាមួយជីវិត គិតតែប្រឹងដើម្បីគោលដៅធំៗ ហើយមើលរំលងរឿងតូចតាច ដែលអាចធ្វើឱ្យខ្លួនឯងញញឹមបាន។ មួយថ្ងៃៗកន្លងផុតទៅលឿនណាស់។ ថ្ងៃខ្លះ ខ្ញុំមិនបានញញឹម ឬសើចសោះក៏មាន។ ជីវិតនៅពេលនោះ គឺមានតែពាក្យថា ប្រឹងទៅមុខ រហូតភ្លេចរកក្ដីសុខឱ្យខ្លួនឯង។ យូរៗទៅខ្ញុំក៏មានអារម្មណ៍ថា ជីវិតខ្លួនឯងហាក់ដូចជាសោះកក្រោះ និងឥតន័យ។

