ការបាត់បង់ពេលខ្លះវាដូចមិនមែនជាការបាត់បង់ទេ ព្រោះវាគ្មានអ្វីដែលជារបស់យើងផង។ មនុស្សយើងការដែលជួបគ្នា ស្គាល់គ្នា រាប់អានគ្នា ល្អនឹងគ្នាយ៉ាងណាក៏ដោយ ក៏ចុងក្រោយត្រូវបែកគ្នាវិញ។ មិនថាដោយសារហេតុផលអ្វីទេ បើជួបវាក៏ធ្វើដំណើរទៅដល់កន្លែងដែលត្រូវបែកវិញ ហើយបើបែកក៏វាគង់តែដល់កន្លែងដែលត្រូវជួបគ្នាជាថ្មីម្ដងទៀត។ វិថីនៃជីវិតដែលយើងបានឆ្លងកាត់មកនេះ ឃើញថាគ្មានរឿងសមបំណងច្រើនឡើយ។ ប៉ុន្តែរឿងខកបំណងជាច្រើនក៏ជាអ្នកដែលរួមចំណែករុញច្រានយើងឱ្យមកដល់ទីនេះ។
ទីបំផុតមនុស្សយើងនឹងបានដឹងថា តើត្រូវប្រើជីវិតខ្លួនឯងយ៉ាងម៉េចឱ្យមានតម្លៃ? ឬមានន័យ? វាជាជម្រើសដែលយើងអាចបង្កើតបាន។ យើងអាចនឹងចាប់ផ្ដើមនឹកឃើញនៅពេលនេះ ឬក៏ត្រូវនឹកស្ដាយនៅពេលដែលយើងគេងលើគ្រែអ្នកជំងឺ។ រឿងល្អៗនៅថ្ងៃនេះនឹងបង្កើតឱ្យមានការចងចាំល្អៗនៅក្នុងថ្ងៃបន្ទាប់។ ថ្វីដ្បិតតែជីវិតមិនអាចបកត្រលប់ទៅក្រោយវិញមែន ប៉ុន្តែយើងពិតជាអាចចាប់ផ្ដើមនៅថ្ងៃនេះបាន៕

