“កំណត់ហេតុពណ៌ស្វាយ”

M
វិនាទីនោះ ភ្នែកខ្មៅក្រឹបដូចម្រឹគ ក៏រេមកចំខ្ញុំភ្លាម!  ហើយក៏ឈប់ទ្រឹងនៅទ្រឹងនៅត្រឹមនេះ! ពិភពលោកទាំងមូល ហាក់ស្ដុបនៅមួយកន្លែង ព្រោះទាំងគេ ហើយនិងខ្ញុំសុទ្ធតែនៅស្ងៀមលែងកម្រើក រហូតខ្ញុំស្ទើរតែភ្លេចដកដង្ហើមទៅហើយ។ គេជានរណា? សំណួរនេះផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។  ទោះជាខ្ញុំមិនចាំថា បុរសឈ្មោះវេហាស៍នេះ ជានរណា តែអារម្មណ៍ដែលខ្ញុំទទួលបាន គឺកែវភ្នែកមួយគូនោះ ជាកែវភ្នែកដែលខ្ញុំធ្លាប់ស្គាល់។
“ឡែត!” សំឡេងរបស់បងរិទ្ធដាស់ខ្ញុំឱ្យភ្ញាក់ស្មារតី “យើងឆាប់ទៅវិញទៅ!” បងរិទ្ធនិយាយ ស្របពេលដែលទាញដៃខ្ញុំដើរប្រជ្រៀតគេឯង ចេញពីកម្មវិធីទាំងប្រញាប់ប្រញាល់តាមទ្វារចំហៀងភូមិគ្រឹះ។ ខ្ញុំមើលបងរិទ្ធទាំងមិនអស់ចិត្ត “ហេតុអី? យើងទើបតែមកដល់មិញនេះទេ!”
“ទៅវិញ ចាំនិយាយគ្នាទៀត!” បងរិទ្ធនិយាយដោយសម្ដីដាច់ស្រេចខុសពីធម្មតា។ ដៃធំមាំរបស់គាត់កាន់ដៃខ្ញុំយ៉ាងជាប់ ហាក់ដូចជាខ្លាចរបូតបាត់ទៅ។  ខ្ញុំងាកក្រោយមើលទៅមនុស្សប្រុសក្នុង Tuxedo ពណ៌ស ព្រោះតែមិនអស់ចិត្ត តែពេលនេះ រាងកាយគេលុបបាត់ ពីក្រោយភាពអ៊ូអរ  កកកុញក្នុងកម្មវិធីទៅហើយ។

Comments