ពេលខ្លះរឿងដែលអាក្រក់បំផុតកើតឡើងនៅក្នុងជីវិតយើង វាជាមេរៀនដែលល្អបំផុតដែលជីវិតត្រូវបានឆ្លងកាត់។ កុំអស់សង្ឃឹម មិនថាកំហុសតូច ឬធំដែលបានកើតឡើងកន្លងមក វាសុទ្ធតែបង្រៀនយើងនូវមេរៀនដែលសាលាមិនបានបង្រៀនយើង។ ការអត់ធ្មត់ដែលយើងបានព្យាយាមកន្លងមកមិនឥតប្រយោជន៍ទេ ព្រោះយើងក្លាយជាមនុស្សរឹងមាំនៅថ្ងៃនេះគឺដោយសារតែការអត់ទ្រាំកន្លងមក។ កំហុសដែលយើងបានធ្វើកន្លងមកមិនសុទ្ធតែអាក្រក់ទេ ព្រោះវាតែងរំលឹកយើងមិនឲ្យធ្វើខុសម្ដងទៀត។
ធ្លាប់ដួល ធ្លាប់ក្រោកឈរ ធ្លាប់ខុស ធ្លាប់កែ ធ្លាប់លំបាក ធ្លាប់តស៊ូ ទាំងនេះជាផ្លូវដើរសម្រាប់ជីវិត ហើយក៏ជាមេរៀនដែលជីវិតបានរៀនសូត្រ។ ថ្ងៃនេះហត់ ថ្ងៃស្អែកក៏ត្រូវហត់ តែជីវិតហត់ព្រោះតែគោលដៅជីវិតមិនទាន់ដល់នៅឡើយ។ ជីវិតមិនអាចខ្វះការតស៊ូ មិនអាចខ្វះភាពអត់ធ្មត់ ហើយក៏មិនអាចខ្វះភាពរឹងមាំ។ ពេលដែលត្រូវយំក៏យំមក ហើយពេលដែលឈប់យំត្រូវតែញញឹមសារជាថ្មី។ ថ្ងៃថ្មីមានសម្រាប់ឲ្យយើងរំលឹករឿងអតីតកាល ហើយកែប្រែដើម្បីអនាគត៕

