កន្លងមក ខ្ញុំចេះតែខាតពេលជាច្រើនជាមួយនឹងអ្នកដទៃ។ វាមិនមែនមានន័យថា អ្នកដទៃធ្វើឱ្យខ្ញុំខាតពេលនោះទេ តែគឺខ្ញុំខ្លួនឯង ដែលមិនទាន់ដឹងថា គួរតែធ្វើអ្វីដើម្បីអ្វី។ អ្នកដទៃអាចនឹងល្ងង់ជាងការគិតរបស់យើង ហើយក៏អាចឆ្លាត ឬអាចអាក្រក់ជាងការគិតរបស់យើងដែរ។ ប៉ុន្តែយើងនៅតែជាយើង បើយើងជឿជាក់លើខ្លួនឯង និងមិនព្រមឱ្យពួកគេមានឥទ្ធិពលលើយើង។
នៅពេលដែលអ្នកស្រាប់តែបាក់ទឹកចិត្ត បាត់បង់ជំនឿចិត្តអស់រលីង ជាពេលដែលអ្នករកឃើញខ្លួនឯងថា គ្មានអ្នកណាម្នាក់នៅក្បែរអ្នកឡើយ ហើយបើអ្នកមិនរឹងមាំគ្រប់គ្រាន់ អ្នកក៏មិនអាចរស់នៅបន្តទៀតបានដែរ។ អ្នកដទៃពិតជាសំខាន់ណាស់សម្រាប់អ្នក សំខាន់ដល់ថ្នាក់អាចធ្វើឱ្យអ្នកលែងចង់រស់បន្តទៀត។ ប៉ុន្តែចំពោះពួកគេវិញ ពួកគេនៅតែអាចសប្បាយរីករាយបើទោះជាក្នុងពេលអ្នកសម្រេចចិត្តសម្លាប់ខ្លួនក៏ដោយ។ រឿងពិតគឺឃោរឃៅបែបនេះ ហើយតបស្នងនឹងបទពិសោធន៍ឈឺចាប់ទាំងនោះ អ្វីដែលខ្ញុំរៀនចេះ គឺ បើខ្ញុំមិនរឹងមាំ ខ្ញុំនឹងស្លាប់។
ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចស្លាប់បានទេ បើទោះជាខ្ញុំត្រូវរស់នៅតែម្នាក់ឯងក៏ដោយចុះ។ មនុស្សជោគជ័យ ដែលទទួលបានក្ដីស្រលាញ់ ការគោរព គឺព្រោះតែពួកគេមានអ្វីឱ្យទៅអ្នកដទៃ។ យើងត្រូវតែទទួលស្គាល់ថា មកពីយើងគ្មានអ្វីឱ្យទៅពួកគេ ទើបពួកគេមិនជ្រើសយកយើង។ រឿងពិតវាខុសពីក្ដីស្រមៃរបស់យើង។ វាគ្មានភ័ព្វសំណាងដែលបណ្ដាលឱ្យមនុស្សជាច្រើនមកស្រលាញ់រាប់អានយើងនោះឡើយ បើសិនជាយើងគ្មានអ្វីសោះនៅក្នុងខ្លួននោះ។ ចង់សាងមិត្តភាព ចង់សាងគ្រួសារ ចង់សាងភាពជោគជ័យ គឺត្រូវតែសាងខ្លួនឯងជាមុនសិន។
ក្នុងពេលនោះ យើងប្រាកដជាអាចគិតដល់ចំណុចមួយ គឺមនុស្សគ្រប់គ្នាសុទ្ធតែរវល់ក្នុងការសាងខ្លួនឯង ហើយយើងក៏លែងបន្ទោសអ្នកណាទៀតដែរ ព្រោះពួកគេនិងយើង អាចនឹងមានគោលដៅខុសគ្នា។ យើងមានតែលើកលែង ហើយលាគ្នា និងដើរទៅមុខរៀងខ្លួន។ យើងក៏មិនបាច់ត្រូវការអ្នកណាដែលគ្មានគោលដៅរួមជាមួយនឹងយើងដែរ។ យើងក៏គ្មានពេលគិតខ្វល់ខ្វាយពីពួកគេទៀតដែរ ព្រោះយើងរវល់តែគិតពីមនុស្សដែលកំពុងតែរួមដំណើរជាមួយយើង។
ព្រោះឆាកជីវិតខ្លី កុំតូចចិត្តអី បើមនុស្សខ្លះមិនចំណាយពេលជាមួយនឹងយើង ព្រោះពួកគេត្រូវការពេលផ្ទាល់ខ្លួន ដើម្បីធ្វើរឿងសំខាន់របស់ពួកគេ។ ប៉ុន្តែចូរអរគុណ និងធ្វើល្អ
ដាក់បុគ្គលដែលបានចំណាយពេលរបស់ពួកគេជាមួយនឹងយើង។ អរគុណវត្តមានរបស់អ្នកក្នុងឆាកជីវិតខ្ញុំ។

