បើអ្នកលែងត្រូវការខ្ញុំហើយ សូមដោះលែងខ្ញុំចុះ សូមឱ្យខ្ញុំបានរស់នៅដើម្បីមនុស្សដែលត្រូវការខ្ញុំផង។ ខ្ញុំល្អមិនគ្រប់គ្រាន់សម្រាប់អ្នកឡើយ តែខ្ញុំដឹងថា សម្រាប់អ្នកដទៃ វត្តមានរបស់ខ្ញុំនៅមានតម្លៃចំពោះគេ ហើយពួកគេនៅត្រូវការខ្ញុំ។
តើអ្នកបានដឹងដែរទេ? ភាពហត់នឿយមានក្នុងខ្លួនខ្ញុំច្រើនណាស់ ច្រើនរហូតស្ទើរតែលប់បាត់ភាពរីករាយដែលមានសេសសល់បន្ដិចបន្ដួច។ ការខិតខំប្រឹងប្រែងគ្រប់យ៉ាង ខ្ញុំបានតាំងចិត្តថាគឺខ្ញុំដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ តែកន្លងមកនេះ ខ្ញុំស្ទើរតែភ្លេចថាត្រូវស្រឡាញ់ខ្លួនឯងយ៉ាងម៉េចបាត់ទៅហើយ។
ដូច្នេះ ខ្ញុំចង់ប្រើពេលវេលាចុងក្រោយដែលនៅសេសសល់ដើម្បីព្យាបាលរបួសក្នុងចិត្តដែលមាន ហើយដើម្បីផ្ដល់ឱ្យខ្លួនឯងវិញខ្លះជាការប៉ះប៉ូវសងរាល់ក្ដីឈឺចាប់ដែលវាបានរ៉ាប់រងស្ទើរពេញមួយជីវិត។

