ធ្វើម្តេចទើបដឹងថាយើងរឹងមាំ?

M

ធ្វើម្តេចទើបដឹងថាយើងរឹងមាំ? ចម្លើយមួយនេះគឺស្រួលទេ គឺត្រូវដួលឱ្យបានច្រើនដង ហើយប្រឹងក្រោកឡើងម្តងហើយ ម្តងទៀត។ ប្រសិនបើយើងដួល នោះរមែងតែងតែមានរបួស ស្នាម គ្រាន់តែថារបួសធ្ងន់ ឬស្រាលប៉ុណ្ណោះ។

គ្មានមនុស្សជោគជ័យណាម្នាក់ដែលមានអតីតកាលដ៏ឥតខ្ចោះ ឬដើរលើវិថីជីវិតរលូនដែលគ្មានបន្លានោះទេ។ បើគ្មានការបរាជ័យ ពួកគេក៏មិនរឹងមាំ ហើយអាចស្វែងរកវិធីនានាដើម្បីទៅដល់ចំណុចជោគជ័យនោះដែរ។ ពេលខ្លះបើយើងឃើញតែភាពជោគជ័យរបស់គេតែម្យ៉ាង ហើយគិតថាហេតុអ្វីយើងមិនជោគជ័យដូចគេ? ទៀតហើយ! ហេតុអ្វីចូលចិត្តតែប្រៀបធៀបជាមួយអ្នកដទៃខ្លាំងម៉្លេះ? យើងពិតជាខ្ជះខ្ជាយពេលវេលាខ្លួនឯងក្នុងការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ជំនួសឱ្យការខិតខំប្រឹងប្រែងកសាងខ្លួនឯងក្លាយជាមនុស្សជោគជ័យម្នាក់។ រៀនពីភាពបរាជ័យរបស់បុគ្គលជោគជ័យទាំងនោះជំនួសឱ្យគិតតែពីរអ៊ូដាក់ខ្លួនឯងថា ហេតុអ្វីខ្ញុំជាមនុស្សដែលមិនដែលទទួលជោគជ័យអ្វីសោះ? តើបុគ្គលជោគជ័យនោះធ្វើដូចម្តេចដើម្បីលើកខ្លួនឯងឱ្យដើរទៅមុខនៅពេលដែលចួបការបរាជ័យម្តងៗ។ តើអ្វីជាកត្តាជំរុញនិងលើកទឹកចិត្តដែលបណ្ដាលឱ្យពួកគេមិនបោះបង់ និងនៅតែបន្តដំណើរទៅមុខ?

មនុស្សដែលរឹងមាំបំផុតគឺជាមនុស្សដែលបានឆ្លងកាត់បទពិសោធជីវិតដ៏លំបាកជូរចត់បំផុត។ នៅពេលដែលយើងបរាជ័យលើរឿងអ្វីមួយ យើងតែងតែទទួលរងការរិះគន់ ការមាក់ងាយ ឬការវាយតម្លៃមិនចេះឈប់ពីអ្នកដទៃ។ នៅចំណុចមួយនឹងធ្វើឱ្យយើងមានមន្ទិលចំពោះខ្លួនឯង ឬមានពាក្យអវិជ្ជមានផ្សេងៗដែលចេញពីផ្នែកម្ខាងទៀតនៃខួរក្បាលរបស់យើង ថាយើងមិនកើត គ្មានកំណើត មនុស្សបរាជ័យ ប៉ុន្តែយើងគួរព្យាយាមយកសំឡេងអវិជ្ជមាននោះចេញពីខួរក្បាល ហើយខំប្រឹងលើកខ្លួនឯងឡើងសារជាថ្មី។ ទោះជាយើងបរាជ័យក្រោមរូបភាពណាក៏ដោយ អ្វីដែលយើងគួរធ្វើមុនគេនោះគឺយើងមិនត្រូវបោះបង់ខ្លួនឯង ការតាំងចិត្ត នឹងជឿជាក់លើអ្វីដែលយើងធ្វើ ទោះបីជាវាមានការលំបាកយ៉ាងណាក៏ដោយ។ មនុស្សដែលស្គាល់ខ្លួនឯងគឺជាមនុស្សដែលហ៊ានទទួលស្គាល់ការពិតគ្រប់យ៉ាង។

Comments