#អារម្មណ៍ដែលមានក្ដីសុខ

M
ផលតបស្នងរបស់សេចក្ដីល្អដែលយើងធ្វើចេញទៅ ទោះបីយើងធ្វើសំដៅដល់អ្នកណាក៏ដោយ គឺវាមានអំណាចដែលធ្វើឱ្យយើងមានក្ដីសុខ មានអារម្មណ៍ស្កប់ស្កល់ មានកែវភ្នែកដែលពោរពេញដោយសុភមង្គលយ៉ាងពិតប្រាកដ។ មិនមែនតម្លៃនៃអំណោយទេ ដែលធ្វើឱ្យវាមានតម្លៃក្នុងចិត្តអ្នកដែលទទួលបានអំណោយ តែតាមពិតវាគឺតម្លៃនៃទឹកចិត្តខាងក្នុងរបស់អ្នកផ្ដល់ឱ្យ។ បើយើងធ្វើដាក់អ្នកដទៃនូវទង្វើល្អ ប្រកបដោយការពេញចិត្ត និងភាពស្មោះត្រង់ចេញពីចិត្ត នោះធម្មជាតិនឹងផ្ដល់ផលតបស្នងត្រលប់មកវិញ ហើយនោះវាមិនចាំបាច់ទេដែលយើងត្រូវដាក់ការរំពឹង។ ធម្មជាតិពិតជាមានអំណាចគ្រប់គ្រាន់ក្នុងការចាត់ចែងផលតបស្នងណាមួយនៅក្នុងកាលៈទេសៈសមស្របមួយដែលយើងស្មានមិនដល់។
ក្នុងធម្មជាតិនេះ អ្វីៗគ្រប់យ៉ាង មើលទៅគឺហាក់មិនបានបម្រើឱ្យខ្លួនឯងទេ តែគឺបម្រើគ្នាទៅវិញទៅមក ប្រៀបដូចដើមឈើមួយដើម ទោះមានផ្លែឆ្ងាញ់ម្ដេចក្ដីក៏គង់តែមិនអាចទទួលទានផលផ្លែរបស់ខ្លួនឯង។ ធម្មជាតិមិនអាត្មានិយមទេ តែហេតុអ្វីយើងដែលជាផ្នែកមួយនៃធម្មជាតិហាក់មានភាពអាត្មានិយមច្រើនម៉្លេះ? ពេលខ្លះ បើយើងមិនអាចផ្ដល់ឱ្យនរណាម្នាក់នូវអ្វីម្យ៉ាងដែលយើងមាន សូមយើងកុំព្យាយាមធ្វើឱ្យគេឈឺចាប់ដោយដណ្ដើមយកអ្វីម្យ៉ាងដែលគេមានមកធ្វើជារបស់ខ្លួនអី។
“ពេលវេលាមួយដែលយើងលែងមើលឃើញថាខ្លួនគួរតែរស់នៅតទៅទៀត ចួនកាល វាអាចជាពេលវេលាមួយដែលយើងចាប់ផ្ដើមរកឃើញពីរបៀបដែលធ្វើឱ្យជីវិតកាន់តែមានតម្លៃ!”

Comments