#វាគ្រាន់តែជាអតីតកាល

M
ទោះបីជីវិតយើងធ្លាប់ដើរឆ្លងកាត់អ្វីមកខ្លះ ប្រឈមជាមួយនឹងបញ្ហាប៉ុន្មានជំពូក ទឹកភ្នែកស្រក់ចុះរាប់លានដំណក់ត្រូវដួលចុះច្រើនដង ហត់នឿយរាប់ភ្លេច ត្រូវរងនូវការឈឺចាប់ ដោយការរិះគន់ និងការកុហកបោកប្រាស់ដែលមិនអាចពណ៌នាឱ្យនរណាម្នាក់យល់បាន ប៉ុន្តែវាគ្រាន់តែជាស្រមោលនៃអតីតកាលដែលគ្មានថ្ងៃត្រលប់ថយក្រោយ ព្រោះវត្តមានយើងនៅថ្ងៃនេះ ក្នុងពេលវេលានេះ និងខណៈនេះ គឺមិនមែនជាយើងកាលពីម្សិលមិញនោះឡើយ។ កុំរវល់តែបណ្ដែតបណ្ដោយខ្លួនជាមួយអតីតកាល រហូតដល់ភ្លេចរស់នៅជាមួយថ្ងៃនេះ ព្រោះបើដូច្នេះ អ្វីៗថ្ងៃនេះក៏នឹងក្លាយជាអតីតកាលដែលរំខានយើងនៅថ្ងៃបន្ទាប់ទៀតដោយចៀសមិនរួចឡើយ។

គ្រប់យ៉ាងដែលបានកើតឡើង វាគ្រាន់តែស្ថិតនៅក្នុងការចងចាំមួយ ដែលមិនអាចបង្ខំឱ្យភ្លេចបានក្នុងខណៈដែលយើងចង់បំភ្លេច ប៉ុន្តែសង្ឃឹមថារឿងថ្មីៗដែលនឹងចូលមកដល់ជាបន្តបន្ទាប់ វានឹងជំនួសបាននូវភាពសោកសៅទាំងឡាយ។ រឿងរ៉ាវចាស់ៗវានឹងផ្លាស់ប្ដូរយើងឱ្យក្លាយជាមនុស្សថ្មី ហើយមនុស្សថ្មីនោះគឺថ្មីរហូត។

យើងម្សិលមិញមិនមែនយើងនៅថ្ងៃនេះ ហើយយើងថ្ងៃនេះក៏មិនមែនយើងនៅថ្ងៃស្អែក ព្រោះបទពិសោធជីវិតវាបង្រៀនយើងថាគ្រប់យ៉ាងវាត្រូវតែផ្លាស់ប្ដូរជានិច្ច។ អ្វីដែលកន្លងហួសទៅហើយ យើងអាចរៀនសូត្រពីវាបាន ហើយបច្ចុប្បន្នដែលកំពុងមាន យើងអាចច្នៃវាឱ្យកើតជាប្រយោជន៍បាន ទាំងពេលបច្ចុប្បន្ននេះផង ក៏ដូចជាសម្រាប់អនាគតខាងមុខផង។ អតីតកាលកន្លងហួសទៅ តែអ្វីដែលយើងសល់នៅ គឺបច្ចុប្បន្នកាល និងអនាគត។

Comments