អារម្មណ៍ដែលចង់ឈប់ធ្វើអ្វីទាំងអស់ ប៉ុន្តែអ្នកនៅតែបន្តធ្វើអ្វីគ្រប់យ៉ាងដដែល? អារម្មណ៍ដែលចង់ឈប់ខ្វល់ខ្វាយពីអ្វីទាំងអស់ ប៉ុន្តែអ្នកនៅតែបន្តខ្វល់ខ្វាយដដែល? អារម្មណ៍ដែលគិតថា អ្នកនឹងឈប់គិតពីមនុស្សក្នុងគ្រួសារមួយរយៈ ហើយយកពេលមកគិតពីខ្លួនឯងខ្លះ ប៉ុន្តែទីបំផុត អ្នកក៏បានផ្ដល់ទៅឱ្យគ្រួសារទាំងអស់។ ការបារម្ភខ្វល់ខ្វាយពីមនុស្សគ្រប់គ្នាក្នុងគ្រួសារ អ្នកមិនមែនមានតែក្នុងពេលថ្ងៃទេ តែអ្នកមានសូម្បីតែពេលដែលអ្នកកំពុងគេងលក់ សូម្បីតែក្នុងសុបិនរបស់អ្នក។ អារម្មណ៍បែបនោះវាជាសម្ពាធ ហើយអ្នកគ្មានពាក្យអ្វីដែលអាចនិយាយចេញឱ្យធូរបាន ក្រៅពីបង្ហូរទឹកភ្នែក តូចចិត្តខ្លួនឯងនោះទេ។ យើងស្រឡាញ់ពួកគេ ប៉ុន្តែយើងប្រហែលជាខ្វះសមត្ថភាពដែលធ្វើឱ្យពួកគេយល់ថា “អ្វីដែលយើងធ្វើនោះគឺជាក្ដីស្រឡាញ់”។

