ដើម្បីជីវិតមានក្ដីសុខ យើងត្រូវរៀនធ្វើជាមនុស្សល្អ។ មានអ្នកខ្លះក៏គិតថា គ្រាន់តែធ្វើជាមនុស្សល្អចាំបាច់រៀនដែរ? ខ្ញុំគិតថាត្រូវរៀន ពោលគឺរៀនកាត់បន្ថយការគិតអាក្រក់ ហើយបណ្ដុះនូវការគិតល្អ។ នេះជាលក្ខណៈពិសេសខាងក្នុង ដែលមនុស្សភាគច្រើនមើលមិនឃើញ និងយកចិត្តទុកដាក់តែសំបកខាងក្រៅ។
រៀនធ្វើជាមនុស្សល្អ គឺរៀនឱ្យចេះដឹងគុណ ចេះស្រលាញ់ ចេះគោរព ចេះអាណិត ចេះទទួលខុសត្រូវ។ តើអ្នកចូលចិត្តមនុស្សដូចដែលរៀបរាប់ទេ? នោះហើយដែលធ្វើឱ្យមនុស្សល្អទទួលបានក្ដីសុខ ពោលគឺសុខព្រោះមានអ្នកផងស្រលាញ់ សុខកើតចេញពីការគិតល្អរបស់ខ្លួន សុខដោយមិនខ្វល់ថាមានអ្នកណាគិតអាក្រក់លើខ្លួន។
មនុស្សគ្រប់គ្នាតែងតែជួបឧបសគ្គ ដើម្បីផ្លាស់ប្ដូរខ្លួនឯង និងឈានទៅដល់ចំណុចដឹងថា ខ្លួនឯងរស់ដើម្បីអ្វី? បើយើងព្យាយាមសង្កេត យើងក៏ដឹងថាផ្នត់គំនិតរបស់មនុស្សតែងតែផ្លាស់ប្ដូរ ប៉ុន្តែយើងបានឃើញច្បាស់ត្រឹមតែស្ថានភាពជីវិតប៉ុណ្ណោះ។
តាមពិត ស្ថានភាពជីវិតនិងផ្នត់គំនិតតែងតែផ្លាស់ប្ដូរដំណាលគ្នា។ ពេលយើងគិតល្អ យើងនឹងជួបរឿងល្អ ពេលយើងគិតត្រូវ យើងនឹងដើរផ្លូវត្រូវ។ តាមបទពិសោធន៍នេះ ខ្ញុំយល់ថា មនុស្សពិតជាអាចរៀបចំឆាកជីវិតខ្លួនឯង តាមរយៈការគ្រប់គ្រងការគិតរបស់ខ្លួន។

