ពេលនេះប្រហែលជាមានមនុស្សមិនតិចទេកំពុងតែអស់សង្ឃឹម ព្រោះថាយើងមិនអាចធ្វើដូចអ្វីដែលយើងរំពឹងទុក! មែនទេ?
គ្មាននរណាម្នាក់មិនធ្លាប់ឆ្លងកាត់នូវរឿងអាក្រក់ទេ។ យើងត្រូវតែរៀនជម្នះវាជាមួយនឹងក្ដីសង្ឃឹម មិនមែនជម្នះជាមួយនឹងការអស់សង្ឃឹមឡើយ។
យើងអាចតូចចិត្តថាយើងមិនដូចគេ តែយើងមិនអាចភ្លេចថាខ្លួនឯងជានរណាឡើយ។ យើងមិនអាចអស់សង្ឃឹម គ្រាន់តែរឿងមិនសមបំណងខ្លះនោះទេ ព្រោះ រឿងមិនសមបំណងតែងតែកើតមានមកក្នុងជីវិតយើងដូចៗគ្នា។ វាឋិតនៅលើយើងថាយើងរឹងមាំប៉ុនណា ដើម្បីទទួលរឿងអស់សង្ឃឹមទាំងនោះ។ យើងអាចបរាជ័យ យើងអាចដួល យើងអាចមិនសមបំណងគ្រប់យ៉ាង...តែរឿងមួយដែលយើងអាចធ្វើបានសម្រាប់ខ្លួនឯងគឺ កុំអស់សង្ឃឹមជាមួយនឹងខ្លួនឯង ព្រោះខ្លួនឯងជាកម្លាំងជំរុញចិត្តយើងយ៉ាងខ្លាំង។ បើយើងមានតែកម្លាំង ហើយបាត់កម្លាំងចិត្តទៅហើយនោះ មិនបាច់ប្រឹងទេ ព្រោះយើងបានអស់សង្ឃឹមនៅក្នុងជីវិតរួចបាត់ទៅហើយ។ កម្លាំងកាយមាន តែបាត់កម្លាំងចិត្ត ប្រៀបបាននឹងទូកនៅកណ្ដោលទន្លេ តែគ្មានច្រវា។
យើងត្រូវតែតស៊ូជាមួយនឹងក្ដីអស់សង្ឃឹម ហើយប្រឹងជាមួយស្នាមញញឹម និងរៀនទទួលយកការពិតជាជាងគេចវេស។ ពន្លកនៃក្ដីសង្ឃឹមតែងតែមាន ដរាបណាយើងនៅមានកម្លាំងចិត្ត ព្រោះកម្លាំងចិត្តជាកាតាលីករជំរុញទង្វើយើងជារៀងរាល់ថ្ងៃ ...។

