“លត់ដំបេះដូងពង្រឹងខួរក្បាល”

M
mongthyda
សុភាសិតខ្មែរពោលថា “កម្ជិលអៀនប្រៀន   បួសហើយមិនរៀន  បន្ទោសថាខ្លៅ”។ យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ  និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។  ពេលដែលមានចំណេះដឹងជ្រៅជ្រះ  យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍ គឺមានតម្លៃជាអមតៈ។

ផ្ទុយទៅវិញ  ក្នុងស្ថានភាពជាយុវវ័យ  បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណបានទាំងស្រុង   គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា “រវល់ចងរវល់ស្រាយ” នៅទីនេះ  គឺខ្ញុំចង់មានន័យថាចិត្តយើងវក់វីនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើរវាយ ដែលវានឹងធ្វើឱ្យយើងគ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។

យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។  យុវជនបែបនេះហៅថា “មនុស្សចាស់ទុំ”។  មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។ បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំនួតដែរ។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹមដែរ។ បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរដែរ។  ចិត្តនឹងន ចិត្តមានជំហរ  ចិត្តស្ងប់  ចិត្តដែលអត់ធ្មត់  ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិតត្រឹមត្រូវ។

Comments