“កុំតឹងតែងខ្លាំងពេក”

M
mongthyda
យើងមិនមែនកើតមកដើម្បីបញ្ជាក់ប្រាប់ពិភពលោកនេះថា អ្នកនឹងមានជីវិតដ៏ល្អឥតខ្ចោះ មានស្នាមញញឹមដែលមិនចេះរីងស្ងួត មានភាពរឹងមាំដែលមិនចេះទន់ជ្រាយ មានសេចក្ដីសុខដែលគ្មាននរណាប្រៀបស្មើនោះទេ។ ប៉ុន្តែអ្នកកើតមក ដើម្បីឆ្លងកាត់រឿងទាំងអស់នេះដោយការព្រមទទួលយកភាពសមបំណង និងភាពខកបំណង សេចក្ដីសុខ និងសេចក្ដីទុក្ខ ភាពរីករាយ និងសេចក្ដីលំបាកដែលនឹងត្រូវកើតឡើងជាដរាប។ បើសុខមកដល់ ក៏ត្រេកអរនឹងវាទៅ ហើយបើទុក្ខមកដល់ ក៏ប្រឈមមុខដោះស្រាយទៅ។ 
ជីវិតយើងគ្រប់គ្នាសុទ្ធតែមានបញ្ហាដែលត្រូវប្រឈមដោះស្រាយ មានរឿងដែលត្រូវគិត ហើយគ្រប់យ៉ាងដែលកើតចេញពីការសម្រេចចិត្តរបស់យើង វាត្រូវតែជាការទទួលខុសត្រូវរបស់យើងខ្លួនឯង។ ការដែលព្យាយាមយកជីវិតរបស់យើងទៅឆ្លុះមើលជីវិតអ្នកដទៃ ហើយរស់នៅដោយការប្រៀបធៀបជាប្រចាំ វាមិនបានធ្វើឱ្យមានការប្រសើរអ្វីឡើយ។ យើងចាប់ផ្ដើមនៅចំណុចមួយ អ្នកដទៃចាប់ផ្ដើមនៅចំណុចមួយ ហើយយើងនឹងទៅដល់កន្លែងដែលយើងបានដៅទុកក្នុងចិត្ត ចំណែកអ្នកដទៃគេក៏នឹងទៅដល់កន្លែងរបស់គេដូចគ្នា។

Comments