ខ្សែជីវិតផ្លាស់ប្ដូរ ផ្លូវជីវិតឡើងចុះ។ ចួនកាលយើងនឿយហត់ អស់សង្ឃឹម ព្រោះអ្វីដែលកើតឡើងចេះតែមិនសមតាមបំណង។ យើងសួរពិភពលោកថា តើយើងខុសអ្វី ហេតុអ្វីក៏ដាក់ទោសច្រើនបែបនេះ? គ្រប់យ៉ាងហាក់ដូចជាងងឹតឈឹង យើងមិនដឹងថា តើត្រូវរស់បន្តទៀតដើម្បីអ្វី?
ស្ទើរតែពេញមួយជីវិតរបស់យើង នៅពេលជួបបញ្ហា យើងចេះតែគិតថា ទុក្ខវេទនាកើតមកពីខាងក្រៅ។ យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែយើងបែរជារងទុក្ខ? ទេ! គ្មានអ្នកណាអាចធ្វើឱ្យយើងរងទុក្ខបាន ក្រៅពីយើងខ្លួនឯងឡើយ។ ជឿទេ? នៅពេលដែលយើងមិនស្រណុកក្នុងចិត្ត គឺមានន័យថា យើងកំពុងតែសាងកំហុសណាមួយ។ ហេតុដែលនាំឱ្យយើងព្រួយបារម្ភ មកពីចិត្តចេះតែលោភលន់ចង់បាន។ ពោល ទុក្ខទាំងឡាយកើតចេញពីការគិតផ្ទាល់របស់យើង។
យើងធ្លាប់គិតទេថា តើការគិតរបស់យើងមានភាពអាត្មានិយមបែបណា? ចួនកាលយើងស្ទើរតែគិតថា មនុស្សគ្រប់គ្នាសុទ្ធតែជំពាក់យើង ពិភពលោកនេះជំពាក់យើង។ ឱ! បើយើងនៅតែមិនស្គាល់ពីប្រភពទុក្ខ តើធ្វើម៉េចទើបរួចពីទុក្ខបាន? មានតែការព្រមទទួលយកការពិតទេ ទើបយើងគិតឃើញពីឫសគល់នៃបញ្ហា និងឈានដល់ការរកដំណោះស្រាយ។
គ្រួសារមិនកក់ក្ដៅ ស្នេហាមិនស្មោះត្រង់ មិត្តភក្តិខ្សែលើ សង្គមមិនចេះជួយគ្នា ការងារមិនបានដូចចិត្ត ។ល។ តើពេលណាទើបយើងអាចម្ចាស់ការ និងទទួលស្គាល់ថា យើងកើតមកដើម្បីដោះស្រាយបញ្ហាទាំងនោះ? យើងមិនអាចទទួលបាននូវអ្វីតាមការស្រមៃចង់បាននោះទេ អ៊ីចឹងយើងត្រូវតែរៀនរស់នៅតាមអ្វីដែលយើងមាន ហើយព្យាយាមបង្កើតនូវអ្វីដែលមិនទាន់មាន។
យើងនឹងលែងមានទុក្ខ បើយើងលែងប្រាថ្នាក្ដីសុខពីអ្នកដទៃ ហើយយើងនឹងទទួលបានក្ដីសុខ តាមរយ:ការផ្ដល់អ្វីដូចគ្នាដល់អ្នកដទៃ។
ជីវិតនេះលំបាកណាស់ហើយ ម្ដេចឡើយក៏សាងអកុសល ធ្វើបាបគ្នាទៅវិញទៅមកទៀត? ស្អប់គ្នាធ្វើអ្វី បើថ្ងៃមួយយើងគង់តែបែកគ្នា? ប្រកាន់ច្រើនម្ល៉េះ បើគ្រប់យ៉ាងសុទ្ធតែមិនស្ថិតស្ថេរ? ពេលវេលាដែលនៅសល់ ចូរយកជាឱកាស និងរៀនប្រើប្រាស់ឱ្យមានតម្លៃ។

