អ្នកគិតថា អ្នកមិនបានធ្វើការងារ ប៉ុន្តែតាមការពិតគឺសុទ្ធតែជាការងារដែលច្រើនហួសនឹងរៀបរាប់បាន។
អ្នកគិតថា អ្នកទន់ខ្សោយ តែការពិតក្នុងគ្រួសារទាំងមូលស្ទើរតែមិនអាចរកភាពរឹងមាំបានដោយគ្មានវត្តមានរបស់អ្នក។
អ្នកគិតថា អ្នកបានធ្វើការងារច្រើនបំផុត ដោយមិនមានលទ្ធផលការងារ។ ប៉ុន្តែការពិតលទ្ធផលនៃការងាររបស់អ្នកឯទៀតជាច្រើន គឺជាចំណែកដែលមិនអាចគ្មានរូបអ្នក។
អ្នកជាមនុស្សអស្ចារ្យ ព្រោះអ្នកអាចធ្វើការងារដដែលៗរាល់ៗថ្ងៃពេញមួយជីវិត ភាពអស្ចារ្យដែលអ្នកអាចអត់ធ្មត់ អាចអំណត់ អាចរ៉ាប់រង ហើយអ្នកនៅតែអាចញញឹម។
ពីធម្មជាតិ ស្ត្រីយើងជាមនុស្សដែលមានភាពទន់ភ្លន់។ ប៉ុន្តែប្រសិនបើយើងទន់ភ្លន់ដោយខ្វះចំណេះដឹង វានឹងប្រែក្លាយទៅជាគ្រោះថ្នាក់ ឬភាពទន់ជ្រាយ ហើយទោះចង់មិនចង់ យើងក៏រស់ជាមួយពាក្យថាយើងមិនត្រូវបានផ្ដល់តម្លៃពីសង្គម។ មែនទែនទៅ តម្លៃរបស់យើងគឺយើងជាអ្នកសាងបង្កើតឡើង ហើយចូរយើងចេះប្រើប្រាស់សមត្ថភាពរបស់យើងដើម្បីស្វែងរកចំណេះដឹងថ្មីៗ ហើយពង្រឹងខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានសក្ដានុពលពិតប្រាកដ។ ដល់ពេលនោះ យើងនឹងមើលឃើញថាកន្លែងណាក៏រង់ចាំទទួលយើងដែរ ឱ្យតែយើងមានសមត្ថភាពអាចធ្វើឱ្យកន្លែងនោះរីកចម្រើន ឬវិស័យនោះមានភាពលូតលាស់ទៅម���ខលឿន។
ប្រសិនបើយើងជាស្ត្រីដែលគ្មានសមត្ថភាព គ្មានចំណេះដឹង យើងក៏នឹងក្លាយជាម្ដាយដែលអសមត្ថភាពក្នុងការចិញ្ចឹមអប់រំកូនៗរបស់យើង។ បង្កើតកូន ២នាក់ ឬ៣នាក់ ឬច្រើនជាងនេះ វាជារឿងពិបាកម្យ៉ាងសម្រាប់ស្ត្រី ប៉ុន្តែរឿងដែលកាន់តែមានទម្ងន់ធ្ងន់ ឬជាបន្ទុកធ្ងន់ ឬជាការលំបាកធ្ងន់ជាងនេះ គឺយើងគ្មានសមត្ថភាពចិញ្ចឹមអប់រំពួកគេឱ្យក្លាយជាធនធានមនុស្សល្អពិតប្រាកដនៅក្នុងសង្គមនាពេលអនាគត ហើយបើពួកគេមិនមែនជាកូនល្អនៅក្នុងគ្រួសារ តើគេនឹងប្រែជាមនុស្សបែបណាក្នុងសង្គម? ទោះចង់ឬមិនចង់ក៏ដោយ បើសិនជាយើងដែលជាមនុស្សស្រី ឬស្ត្រីនេះខ្វះសមត្ថភាព ខ្វះចំណេះដឹង ផលវិបាកនោះគឺថាអនាគតរបស់យើងគឺរស់នៅក្នុងគំនាបសង្គម ព្រោះគំនាបគឺនឹងគាបសង្កត់ខ្លាំងទៅលើអ្នកដែលទន់ខ្សោយ និងអ្នកដែលមិនអាចរើបម្រះដោយសមត្ថភាពរបស់ខ្លួននេះឯង។

