មិត្តភក្ដិល្អគួរតែជាកញ្ចក់ដែលយើងអាចឆ្លុះមើលខ្លួនឯងបាន។ បើយើងល្អ មិត្តរបស់យើងក៏ពោលប្រាប់ថាល្អ ហើយបើឃើញយើងដើរផ្លូវខុសមិត្តរបស់យើងក៏ជួយប្រាប់ដើម្បីកែលម្អ។ កុំទទួលតែមិត្តដែលចេះតែប្រាប់យើងថាអ្វីដែលយើងធ្វើសុទ្ធតែល្អឱ្យសោះ។ មនុស្សយើងនរណាក៏មានចំណុចល្អ និងអាក្រក់ដែរ គ្រាន់តែថាតិច និងច្រើនប៉ុណ្ណោះ។
កុំលង់នឹងពាក្យបញ្ជោរ ព្រោះវាពិបាកនឹងធ្វើឱ្យយើងរីកចម្រើនទៅមុខណាស់។ មនុស្សដែលចាត់ទុកយើងជាមិត្តពិតប្រាកដ គេនឹងមិនគ្រាន់តែឈរទះដៃពេលយើងដើរដល់គោលដៅទេ តែជាអ្នកដែលតែងតែលើកទឹកចិត្ត ផ្ដល់យោបល់ដោយក្ដីខ្វល់ខ្វាយ យកចិត្តទុកដាក់ ជ្រោមជ្រែងយើងដើម្បីបានទៅដល់គោលដៅនោះដោយជោគជ័យ។ តាមធម្មតា ដៃដែលទះអបអររមែងឮខ្លាំង និងច្រើនជាងដៃដែលឈោងចាប់ដៃយើងឱ្យក្រោកឈរពេលយើងដួល។
មិត្តដែលល្អអាចកំដរអ្នកបានយូរជាងគេក្នុងដំណើរជីវិតរបស់អ្នក មិនមែនមកកំដរតែពេលជល់កែវស្រាទេ។ មិត្តភក្ដិផឹកស៊ីងាយរក ព្រោះនៅតាមតៀមស្រា ឬកន្លែងផឹកស៊ីក៏យើងអាចរកបានហើយ ចំណែកមិត្តភក្ដិរួមសុខរួមទុក្ខ មិនងាយបានចួបទេ។

