“ដាក់សម្ពាធខ្លួនឯង”

M
mongthyda
ការដាក់សម្ពាធខ្លួនឯងវាមានរឿងពីរយ៉ាងដែលផ្ដល់ផលមកលើយើង ទី១​ ការដាក់សម្ពាធដែលនាំឱ្យយើងអាចអភិវឌ្ឍនខ្លួនឯង គឺយើងមានសិទ្ធិក្នុងការដាក់សម្ពាធខ្លួនឯង វាក៏ដូចសន្យាជាមួយខ្លួនឯងដែរ ដូចជាយើងចង់ធ្វើឱ្យខ្លួនឯងក្លាយជាអ្នកសរសេរដ៏ល្អម្នាក់ យើងអាចដាក់កាលវិភាគបង្ខំខ្លួនឯងមួយ ដូចជាថ្ងៃនេះយើងត្រូវអានសៀវភៅ១០០ទំព័រ ហើយស្រង់អត្តន័យសំខាន់ៗដែលអាចឱ្យយើងមានគំនិតប្លែកៗសរសេរអត្ថបទមួយដ៏អស្ចារ្យ ហើយថ្ងៃស្អែកយើងត្រូវសរសេរឱ្យបាន១អត្ថបទជាដើម។ យើងមានសម្ពាធថាត្រូវតែបញ្ចប់វាទៅតាមកាលគម្រោងរបស់យើង ប៉ុន្ដែវាល្អចំពោះយើង អាចនាំយើងទៅរកអ្វីដែលយើងចង់បាន។ ផ្ទុយមកវិញ ចំពោះសម្ពាធដែលមិនល្អចំពោះយើង គឺនៅពេលដែលយើងធ្វើអ្វីមួយខុសដោយអចេតនា តែយើងនៅតែក្ដាប់វាជាប់មិនព្រមលែង មិនអភ័យទោសឱ្យខ្លួនឯង សម្ពាធនោះនឹងមករុំខ្លួនយើងរហូតធ្វើអ្វីបន្ដទៀតលែងកើត។ ហេតុនេះហើយបើយើងអាចអភ័យទោសឱ្យខ្លួនឯងបាន យើងគួរតែអភ័យទោស ព្រោះថាគ្មានមនុស្សម្នាក់ណាដែលមិនធ្លាប់ធ្វើខុសនោះទេ។ យើងប្រលែងកំហុសនោះ ហើយយកវាជាមេរៀន ដើម្បីថ្ងៃក្រោយយើងនឹងលែងខុសចំពោះរឿងដដែលៗនោះ ឬស្រដៀងនោះទៀតហើយ។ក្នុងរឿងមួយទៀត ការទទួលបន្ទុកច្រើនលើសលុបក៏អាចជាសម្ពាធអាក្រក់មួយដែល យើងគួរតែដឹងខ្លួនឯងថាបន្ទុកប៉ុននេះយើងអាចរ៉ាប់រងបាន ហើយបន្ទុកណាខ្លះយើងមិនអាចរ៉ាប់រងបាន។ មិនមែនយើងត្រូវតែរើសយកគ្រប់យ៉ាងមកធ្វើជាបន្ទុករបស់ខ្លួន រហូតក្លាយជាសម្ពាធរុំខ្លួននោះទេ។ អ្វីដែលអាចទទួលបានក៏ទទួលមក អ្វីដែលមិនអាចក៏គួរប្រលែងដើម្បីឱ្យអ្នកដទៃទៀតមានឱកាសទទួលបន្ទុកនោះ។ បន្ទុកសមល្មមមិនអាចក្លាយជាសម្ពាធឡើយ។

Comments