ធ្លាប់មានអារម្មណ៍ឯកាពេលកំពុងនៅក្បែរមនុស្សជាច្រើនដែរទេ? ខ្ញុំធ្លាប់ជឿថា “ឯកាបណ្ដាលមកពីការនៅតែម្នាក់ឯង” ទើបពេលមានអារម្មណ៍ឯកាម្ដងៗ ខ្ញុំក៏ទៅរកអ្នកដទៃដើម្បីឱ្យមានគ្នា ឬទៅកាន់ទីកន្លែងដែលមានមនុស្សអ៊ូអរ។ ប៉ុន្ដែការធ្វើបែបនេះដដែលៗ បែរជាផ្ដល់ចម្លើយមួយដល់ខ្ញុំ។
តាមពិតពេលកន្លងមកខ្ញុំយល់ខុស។ ខ្ញុំភ្លេចគិតថាពេលខ្លះនៅតែឯងក៏ខ្ញុំសប្បាយចិត្ត។ គិតដល់ត្រឹមនេះទើបខ្ញុំយល់ថា “ឯកាជាអារម្មណ៍” មិនបានទាក់ទងនឹងការដែលយើងនៅតែឯងនោះទេ ព្រោះបើចិត្តយើងកំពុងតែឯកាហើយ ទោះរាងកាយយើងកំពុងនៅក្បែរមនុស្សរាប់សិបនាក់ ក៏នៅតែឯកាដែរ។

