អ្នកអាចគិតថាខ្ញុំជាមនុស្សយ៉ាងម៉េចក៏បាន ថាជាមនុស្សរួសរាយក៏បាន ជាមនុស្សឆ្មើងឆ្មៃក៏បាន ជាមនុស្សទន់ជ្រាយក៏បាន ជាមនុស្សរឹងមាំក៏បាន ជាមនុស្សឥតបានការក៏បាន ជាមនុស្សមានតម្លៃក៏បាន ឥតតម្លៃក៏បាន ជាមនុស្សគួរឱ្យស្រឡាញ់រាប់អានចូលចិត្តក៏បាន ឬក៏ជាមនុស្សដែលមិនគួរនឹងសេពគប់រាប់អានក៏បាន។ ខ្ញុំថាអ្នកគិតយ៉ាងម៉េចក៏បានពិតមែន ព្រោះតាមពិតទៅ អ្វីដែលអ្នកបានគិត គឺច្បាស់ជាមានត្រូវខ្លះ និងខុសខ្លះដោយចៀសមិនផុតទេ។ កន្លងមក ខ្ញុំគ្មានចរិតចូលចិត្តគិតពីអ្នកដទៃដោយយោងតែទៅលើគំនិតខ្លួនឯង ឬ ទៅតាមតែអារម្មណ៍ស្អប់ស្រឡាញ់របស់ខ្លួនឯងនោះឡើយ។ ម្យ៉ាងទៀត បើថាខ្ញុំជាមនុស្សមានស្តង់ដារជាក់លាក់ ដូចគ្រឿងម៉ាស៊ីននោះក៏ទេដែរ។
នរណាក៏ដឹង ថាមនុស្សយើងត្រូវបានអ្នកដទៃស្រឡាញ់ខ្លះ ចូលចិត្តខ្លះ ឬស្អប់ខ្លះ មិនចូលចិត្តខ្លះ ជារឿងធម្មតាទៅហើយ។ មនុស្សធ្វើល្អ ក៏នៅតែមានគេស្អប់ស្រឡាញ់ ចំណែកមនុស្សធ្វើអាក្រក់ក៏នៅតែមានគេស្អប់ស្រឡាញ់។ មនុស្សរឹងមាំ ក៏នៅតែអាចបង្ហាញភាពទន់ជ្រាយទៅឱ្យមនុស្សដែលគេទុកចិត្តបំផុតបានឃើញ។ មនុស្សទន់ជ្រាយក៏នៅតែអាចបង្ហាញភាពរឹងមាំរបស់ខ្លួនទៅឱ្យមនុស្សដែលទន់ខ្សោយជាងខ្លួនបានឃើញ។
មនុស្សមួយពិភពលោក បើខ្ញុំជាមនុស្សមិនល្អសម្រាប់អ្នក អ្នកក៏គង់តែអាចស្វែងរកបានមនុស្សដទៃដែលល្អនឹងអ្នក។ បើខ្ញុំមិនមែនជាប្រភេទមនុស្សដែលអ្នកចូលចិត្តចង់រាប់អាន នោះអ្នកក៏នឹងអាចរកបានមនុស្សផ្សេងដែលអ្នកអាចស្រឡាញ់រាប់អានបាន។ បើខ្ញុំមិនមែនជាប្រភេទមនុស្សដែលអ្នកចង់ឈឺឆ្អាល ជួយជ្រោមជ្រែង អ្នកក៏គង់តែអាចមានឱកាសជួយឈឺឆ្អាល និងជ្រោមជ្រែងអ្នកដទៃផ្សេងទៀតដែរ។ ច្រើនដងណាស់ហើយ ដែលខ្ញុំធ្វើជាមនុស្សដែលសុំចុះចាញ់គេមុន មិនមែនម្ដង ឬពីរបីដងទេ តែច្រើនរាប់ភ្លេចហើយ។ ចាញ់អ្នកដទៃប៉ុន្មានរយពាន់ដង ក៏វានៅតែឈឺចាប់មិនស្មើនឹងចុះចាញ់ខ្លួនឯងម្ដងដែរ ហើយឈ្នះអ្នកដទៃប៉ុន្មានរយពាន់ដង ក៏ប្រៀបមិនស្មើនឹងការអាចយកឈ្នះខ្លួនឯងបានម្ដងដែរ។
កុំបង្ខាតពេលរបស់អ្នកក្នុងការបង្កាច់បង្ខូចអ្នកដទៃណាម្នាក់ គួរយកពេលវេលានោះទៅមើលពីកំហុសរបស់ខ្លួន និងទៅពិនិត្យមើលខ្លួនឯងឡើងវិញ មិនថាអ្វីដែលអ្នកគិត អ្វីដែលអ្នកធ្វើ ឬអ្វីដែលអ្នកបាននិយាយ។ មនុស្សគ្រប់គ្នាគ្មាននរណាល្អគ្រប់យ៉ាងនោះទេ តែបើគេហៅអ្នកថាមនុស្សល្អ នោះព្រោះថាគេមើលឃើញចំណុចល្អរបស់អ្នកមានច្រើនជាងចំណុចមិនល្អនោះឯង។ ក្នុងខ្លួនមនុស្សម្នាក់ៗគឺមានចិត្តព្រះ និងមានចិត្តមារ ហើយបើវាធ្ងន់ទៅខាងណា នោះអ្នកក៏ក្លាយជាមនុស្សបែបនោះឯង។

