ជីវិតដែលរស់នៅដើម្បីតែផ្គាប់ចិត្តគេ បារម្ភខ្លាចថាគេមិនពេញចិត្តចំពោះយើង គេបោះបង់ចោលយើង គេប្រែប្រួលចិត្តពីយើង វាជារឿងហត់នឿយដែលយើងមិនគួរបន្តវាទេ។ ហេតុអ្វីក៏យើងចេះតែបណ្ដែតបណ្ដោយឱ្យជីវិតនេះស្ពឹកស្រពន់ខ្លាំងម្ល៉េះ។ វត្តមានរបស់មនុស្សខ្លះក្នុងជីវិតយើងបានក្លាយជាចំណែកដែលធ្វើឱ្យក្ដីសុបិនរបស់យើងក្លាយជាការពិត។ ប៉ុន្តែវត្តមានអ្នកខ្លះទៀត បែរជាធ្វើឱ្យយើងលែងហ៊ានសូម្បីតែបន្តក្ដីសុបិនរបស់ខ្លួនឯង។ សេចក្ដីស្រឡាញ់ដែលធ្វើឱ្យផ្លូវចិត្តពុំមានសុវត្ថិភាពបែបនេះ តើយើងគួរតែបន្តវាឬទេ? ចូរជ្រើសរើសធ្វើរឿងដែលយើងអាចរីករាយជាមួយវាចេញពីចិត្ត ហើយដែលសំខាន់ជាងនេះវាជារឿងត្រឹមត្រូវ ប៉ុន្តែរឿងត្រឹមត្រូវខ្លះក៏ពុំមែនជារឿងរីករាយទេសម្រាប់យើង។ ដូច្នេះនៅពេលមួយយើងខ្លួនឯងនឹងក្លាយជាមនុស្សដែលចេះជ្រើសរើស ថាតើត្រូវធ្វើរឿងដែលត្រឹមត្រូវមុន ឬរឿងដែលធ្វើឱ្យយើងរីករាយមុន? ព្រោះមិនមែនគ្រប់ពេលយើងអាចជ្រើសរើសយករឿងទាំងពីរក្នុងពេលតែមួយនោះទេ។
កុំជ្រើសរើសធ្វើរឿងមួយដើម្បីនរណា ប៉ុន្តែចូរធ្វើវាដើម្បីខ្លួនឯង ដ្បិតថាអ្នកគ្រប់គ្នាអាចនឹងចាកចេញពីយើង ប៉ុន្តែយើងនឹងនៅទីនេះជាមួយខ្លួនឯង។ ជម្រើសរបស់យើងគឺជាទំនួលខុសត្រូវរបស់យើង ហើយយើងក៏មិនអាចជ្រើសរើសអ្វីមួយដើម្បីអ្នកដទៃដូចគ្នា ព្រោះជីវិតរបស់ពួកគេជាជម្រើសរបស់ពួកគេ។ កុំប្រើជីវិតផ្ទាល់ខ្លួនរស់នៅដើម្បីតែបំពេញចិត្តនរណាម្នាក់ឱ្យសោះ ព្រោះពេលដែលយើងហត់នឿយនឹងការប្រើជីវិតបែបនោះ យើងក៏ស្ទើរតែលែងមានកម្លាំងដើម្បីបន្តការរស់នៅសម្រាប់ខ្លួនឯងទៀតដែរ។ ជីវិតនេះយើងអាចត្រូវអ្នកដទៃមិនឱ្យតម្លៃ ប៉ុន្តែយើងត្រូវដឹងថាយើងមានតម្លៃដើម្បីបន្តរស់នៅតទៅទៀត។
មនុស្សជាច្រើនបានក្លាយជាចំណែកនៅក្នុងជីវិតយើង វាខុសគ្នាត្រង់ថាអ្នកខ្លះជាចំណែកក្នុងអតីតកាលរបស់យើង អ្នកខ្លះទៀតជាចំណែកនាពេលបច្ចុប្បន្ននេះ ឯអ្នកខ្លះទៀតក្លាយជាចំណែកក្នុងពេលអនាគត ប៉ុន្តែយើងគឺជាចំណែកនៃពេញមួយជីវិតរបស់ខ្លួនឯង។ បើយើងព្រងើយកន្តើយចំពោះខ្លួនឯង ដូច្នេះក៏គ្មាននរណានឹងយកចិត្តទុកដាក់ចំពោះយើងទេ។ បើយើងស្អប់ខ្លួនឯង យើងក៏មិនអាចរំពឹងរកអ្នកណាដែលមកស្រឡាញ់យើងដូចគ្នា។ ប្រសិនបើយើងមិនអាចធ្វើឱ្យខ្លួនឯងរីករាយ យើងក៏ប្រហែលជារកមនុស្សដែលផ្ដល់ភាពរីករាយមកឱ្យយើងមិនបានដែរ។ ចូរជ្រើសរើសធ្វើជាខ្លួនឯង មុនពេលយើងធ្វើដើម្បីនរណាម្នាក់៕

