មួយជីវិតនេះកើតជាមនុស្សស្រីប្រាកដជាធ្លាប់មានមនុស្សប្រុសលួចស្រឡាញ់ តែមិនហ៊ានសារភាព។ មានមនុស្សប្រុសសារភាពតែមិនចេះស្មោះ។ មានមនុស្សប្រុសស្មោះតែមិនបានគ្នាជាប្ដីប្រពន្ធ។ មានមនុស្សប្រុសច្រើនណាស់ដែលសំឡឹងមើលមកយើង តែពួកគេគិតលើយើងមិនដូចគ្នា។ កើតជាមនុស្សស្រី ប្រសិនបើមានមនុស្សប្រុសលួចស្រឡាញ់យើង ចាត់ថាយើងល្អក្នុងកែវភ្នែកគេ។ ប្រសិនបើមានមនុស្សប្រុសសារភាពពាក្យស្រឡាញ់ នោះចាត់ថាគេមានយើងនៅក្នុងចិត្ត។ ប្រសិនបើមនុស្សប្រុសព្យាយាមដើម្បីបញ្ជាក់ការស្រឡាញ់ឱ្យយើងបានឃើញ នោះចាត់យើងជាផ្នែកមួយនៅក្នុងបេះដូងរបស់គេ។ ប៉ុន្ដែប្រសិនបើមានមនុស្សប្រុសម្នាក់ដែលលុតជង្គង់សុំយើងរៀបការ នោះមានន័យថាជីវិតគេត្រូវការយើងដើរកាន់ដៃជាមួយគេ។
បើមានគេលួចស្រឡាញ់ក៏ទុកក្នុងចិត្តទៅ មនុស្សប្រុសមើលមកមនុស្សស្រីដូចផ្កាមួយទងនៅក្នុងសួន។ អ្នកខ្លះសំឡឹងមើលហើយសរសើរផ្កា ទាំងមិនដែលដឹងថាផ្កានោះឈ្មោះអ្វីផងក៏មាន។ បើគេអ្នកខ្លះប្រាប់ថាស្រឡាញ់ ក៏កុំជ្រួលជ្រើមនឹងពាក្យផ្អែមល្ហែមរបស់គេអី ព្រោះពាក្យស្រលាញ់មួយម៉ាត់ វាត្រូវប្រើពេលពាក់កណ្ដាលជីវិតដើម្បីបង្ហាញ និងប្រាប់ពីអត្ថន័យពិតរបស់វា។ បើគេព្យាយាមដើម្បីយើងច្រើនហើយ ក៏កុំអាលលះទុកចិត្តលើគេច្រើនពេក មនុស្សប្រុសរៀបការហើយនៅតែអាចក្បត់យើងទៅរកស្រីផ្សេង នៅតែអាចសរសើរស្រីផ្សេងនៅនឹងមុខយើង ចុះយើងគ្រាន់តែមនុស្សម្នាក់ក្នុងចំណោមមនុស្សច្រើននាក់ដែលបានត្រឹមតែជាជម្រើសរបស់គេ តើគេអាចស្មោះយើងបានយូរប៉ុនណា? មនុស្សប្រុសដែលស្រឡាញ់យើងពិត មិនមែនស្រឡាញ់ត្រឹមតែ១ខែ ១ឆ្នាំ តែពាក់កណ្ដាលជីវិតរបស់គេ។
មានមនុស្សជាច្រើនធ្លាប់ប្រាប់យើងថាស្រឡាញ់ ប៉ុន្ដែមានបុរសតែម្នាក់ដែលយើងសម្រេចចិត្តរៀបការជាមួយ។ គឺគេនោះហើយដែលយើងផ្ញើក្ដីសង្ឃឹម ទុកចិត្ត និងបេះដូងដ៏បរិសុទ្ធជាមួយគេ។ បុរសម្នាក់ដែលសម្រេចចិត្តរៀបការជាមួយយើង គេបានលះបង់មនុស្សស្រីក៏ច្រើនមកហើយដែរនៅក្នុងជីវិតយុវវ័យរបស់គេ។ យើងក៏ដូចគ្នា បើសម្រេចចិត្តរៀបការជាមួយគេ សូមឱ្យតម្លៃគេជាដៃគូជីវិតរបស់យើង។ រឿងខ្លះកើតឡើងក្នុងទំនាក់ទំនងយើង បើឱ្យអ្នកដទៃដឹង គឺនាំតែមានរឿងកាន់តែច្រើនឡើង។ រស់នៅជាមួយគ្នា មានតែការយល់ចិត្ត ការឱ្យអធ្យាស្រ័យ ការជឿជាក់ និងការស្រលាញ់ដ៏អស់ពីចិត្តប៉ុណ្ណោះដែលនាំឱ្យយើងបានសុខរហូតទៅដល់ថ្ងៃចាស់រៀងខ្លួន៕

