#ទុកឱ្យពេលវេលាជាអ្នកបញ្ជាក់

M
mongthyda
ពេលយើងមានរឿងនិយាយ មានមនុស្សច្រើនដែលចាំស្ដាប់ ប៉ុន្តែពេលយើងមានរឿងដែលនិយាយមិនចេញ មានមនុស្សតិចណាស់ដែលអាចយល់ពីភាពស្ងៀមស្ងាត់នេះបាន។ មនុស្សជាច្រើនហាក់កំពុងតែដណ្ដើមគ្នានិយាយប្រាប់យើងថាគេស្រលាញ់យើង ប៉ុន្តែមែនទែនទៅ មនុស្សដែលតែងតែបង្ហាញនូវក្ដីស្រលាញ់ដ៏ស្មោះសចំពោះយើងរហូតមកពួកគេសឹងតែ មិនដែលបាននិយាយពាក្យនេះប្រាប់យើងទាល់តែសោះ។ រវល់តែធ្វើទង្វើដែលប្រកបដោយសេចក្ដីស្រលាញ់ ក៏ភ្លេចទាំងប្រាប់យើងថា គេស្រលាញ់យើងខ្លាំងប៉ុនណា ហើយបើយើងយកត្រឹមតែភ្នែក១គូទៅសំឡឹងមើលគ្រប់យ៉ាងរួចកាត់សេចក្ដីថាបែបនេះល្អ បែបនោះមិនល្អ យើងក៏គ្មានថ្ងៃរកឃើញភាពល្អ ដែលបង្កប់នៅក្នុងអ្វីដែលយើងបានមើលឃើញនោះឡើយ។
វាជារឿងងាយស្រួលណាស់ក្នុងការនិយាយប្រាប់នរណាម្នាក់ថាយើងស្រលាញ់គេ ទាំងដែលការពិតយើងមិនបានស្រលាញ់ផងក៏មាន។ ប៉ុន្តែរឿងដែលមិនងាយនោះគឺបញ្ជាក់ប្រាប់គេថាពាក្យស្រលាញ់របស់យើងនោះវាមានន័យធំធេងប៉ុនណា ពេលវេលានឹងបង្ហាញប្រាប់គ្រប់យ៉ាងដែលយើងចង់ដឹង ហើយចិត្តអត់ធ្មត់របស់យើងនឹងធ្វើឲ្យយើងបានដឹងនូវរឿងដែលយើងតែងតែចង់ដឹងរហូតមកនៅក្នុងពេលវេលាសមស្របមួយ។ រឿងខ្លះដែលយើងឮវាមិនមែនជារឿងពិត របស់ខ្លះដែលយើងមើលឃើញវាមិនមែនជារបស់ពិត ប៉ុន្តែរឿងពិតវាយ៉ាងម៉េចនោះ គឺមានតែការព្រមធ្វើដំណើរឆ្លងកាត់ជាមួយពេលវេលាដោយចិត្តអំណត់អត់ធន់តែប៉ុណ្ណោះ៕

Comments