“កុំព្រងើយក្នុងការក្រេបយកចំណេះវិជ្ជា”

M
mongthyda
លុយកាក់ជាទ្រព្យសម្បត្តិខាងក្រៅខ្លួនដ៏ពេញនិយម តែមានកម្លាំងផុយស្រួយណាស់ បើប្រហែសតែបន្តិចវានឹងបាត់បង់ទៅវិញភ្លាម។ ដូច្នេះ មានតែចំណេះដឹងប៉ុណ្ណោះ ទើបជាទ្រព្យសម្បត្តិប្រចាំខ្លួនសំខាន់ជាងគេ ពីព្រោះវាមិនអាចផ្ទេរពីឪពុកម្ដាយទៅកាន់កូនចៅដូចជាលុយកាក់ឡើយ។ 

យើងអាចមានភ័ព្វសំណាងខ្ពស់ ដោយបានរស់នៅលើគំនរទ្រព្យសម្បត្តិរបស់ឪពុកម្ដាយ តែសំណាងនេះមិនអាចឋិតនៅជាអចិន្ត្រៃយ៍នោះទេ។ ការរស់នៅពឹងផ្អែកលើកម្លាំងខាងក្រៅខ្លួនពុំគាប់ប្រសើរ ដូចជាពឹងខ្លួនឯងឡើយ។ 

មនុស្សក្នុងលោកតែងសោយសុខពីផលដែលបានមកពីការប្រឹងប្រែងរបស់គេ ហើយធម្មជាតិមិនអនុញ្ញាតឱ្យនរណាម្នាក់រស់នៅសុខស្រួលដោយពុំបានចំណាយកម្លាំងនោះឡើយ។ កាលណាគ្មានកម្លាំងក្នុងខ្លួនជាចំណេះដឹង នោះកម្លាំងខាងក្រៅខ្លួនក៏មិនអាចស្ថិតនៅបានទេ ប្រៀបដូចជាកាយ និងចិត្ត មានមួយអត់មួយក៏បាន ហើយកាលណារបស់ទាំងពីរនេះបែកចេញពីគ្នា អត្តភាពជាមនុស្សក៏មិនមានទៀតដែរ។

បុគ្គលដែលជោគជ័យក្នុងអតីតកាល សុទ្ធតែកើតឡើងដោយការព្យាយាម ហើយក្នុងបច្ចុប្បន្នភាពនេះ សេចក្តីព្យាយាមនៅតែជាកម្មវត្ថុសំខាន់ជាងគេ សម្រាប់ទ្រទ្រង់រាល់គោលដៅទាំងអស់។ ដូច្នេះ ទោះបីក្រក្រីដូចម្តេចក្ដី បើសេចក្តីព្យាយាមមិនទាន់បាត់បង់ពីក្នុងសតិអារម្មណ៍ទេ គេនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយមិនខានឡើយ។ 

Comments