កុំរត់ដេញតាមសុំក្ដីស្រឡាញ់ពីនរណាម្នាក់ ដោយទុកខ្លួនឯងចោល ព្រោះគ្មាននរណាឱ្យតម្លៃយើងស្មើនឹងយើងបានយល់ពីតម្លៃនៃទឹកចិត្តខាងក្នុងរបស់យើងឡើយ។ គ្រាន់តែនិយាយថាស្រឡាញ់គ្នា វាមិនមែនជាពិបាកទេ តែការដែលអាចបន្តសេចក្ដីស្រឡាញ់នេះឱ្យបានយូរអង្វែងតទៅ នោះទើបជារឿងលំបាក ព្រោះយើងមិនគ្រាន់តែពោលពាក្យស្រឡាញ់ទេ ប៉ុន្តែត្រូវបង្ហាញដោយទង្វើនៃសេចក្ដីស្រឡាញ់ចេញពីជម្រៅចិត្តខាងក្នុង។
កម្មវិធីអាពាហ៍ពិពាហ៍ ឬការជួបជុំដ៏សប្បាយដែលពោរពេញដោយស្នាមញញឹម យ៉ាងច្រើនគេធ្វើពីរ ឬបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ និងការជួបជុំដ៏យូរអង្វែង ឆ្លងកាត់រឿងសើចសប្បាយខ្លះ ទុក្ខលំបាកខ្លះ ទឹកភ្នែកខ្លះ ស្នាមញញឹមខ្លះ អត់ឃ្លាន ក្ដៅរងា គឺជារឿងវែងឆ្ងាយ។
សេចក្ដីស្រឡាញ់ប្រៀបដូចស្រមោលរបស់យើង បើយើងរត់ដេញតាមចាប់វា យើងក៏មិនអាចចាប់វាបានឡើយ ប៉ុន្តែបើយើងឈប់រត់ដេញចាប់ នោះយើងនឹងបាននៅជាមួយក្ដីស្រឡាញ់។ ឫសដ៏រឹងមាំនៃសេចក្ដីស្នេហាគឺការគោរព ភាពស្មោះត្រង់ និងការយោគយល់អធ្យាស្រ័យ។ កុំស្រឡាញ់ដោយខ្វះនូវការផ្ដល់ការគោរព សូម្បីតែរឿងតូចតាចបំផុតក៏ដោយ ព្រោះការគោរពគឺជាស្នូលនៃសេចក្ដីស្រឡាញ់។

